​​(តូក្យូ)៖ ក្រុមហ៊ុន Facebook បានសម្រេចចិត្តលុបចោលគណនី និងទំព័រ (Page) Facebook មួយចំនួន​ដែលត្រូវបានគេ​រាយការណ៍ថា បានផ្សព្វផ្សាយ និងលក់លេខសំងាត់​សន្តិសុខសង្គម (លេខទូរស័ព្ទនៃរដ្ឋបាល​សន្តិសុខសង្គម​នីមួយៗ) កាតឥណទាន អាស័យដ្ឋាន និងលេខទូរស័ព្ទ​របស់អ្នកប្រើប្រាស់​រាប់សិបនាក់។ នេះ​បើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Japane Times នៅ​ព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហោះ​មាតិកាដូចជា​លេខសន្តិសុខ​សង្គម ឬកាត​ឥណទាន មិនត្រូវបាន​អនុញ្ញាតឡើយ​នៅលើ Facebook ហើយយើងនឹង​លុបចោលវា​ភ្លាមៗ នៅពេល​ដែលយើង​បានដឹង»

ដោយឡែក​ជាមួយគ្នា​នោះដែរខាងភ្នាក់ងារ Google search ក៏បានអះអាងថា ការបង្ហោះ​មាតិកាមួយ ចំនួន​ពាក់ព័ន្ធនឹងព័ត៌មាន​ឯកជន​ ក្នុងនោះមានទាំងកាតឥណទាន នៅតែកើតមាននៅលើបណ្ដាញទំនាក់ទំនងសង្គម​មួយនេះ។ បន្ថែមពីលើនេះ បើតាម​គេហទំព័រ Motherboard ក្រុម Hackers បានបង្ហោះ​ព័ត៌មានឯកជន​ជាច្រើនលើ Facebook ដែលបាន​រក្សា ទិន្នន័យទាំងនេះ​អស់រយៈពេល​ជាច្រើនឆ្នាំ​មកហើយ។

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន​ក្រុមហ៊ុន Facebook បានសម្រេចចិត្ត​លុបចោល Group Facebook ជាង ១២០ ដែលមាន​សមាជិកសរុបជាង ៣០០,០០០នាក់ បន្ទាប់ពីត្រូវបាន​អ្នកសារព័ត៌មាន​ម្នាក់រាយការណ៍ថា ក្រុមអ្នកប្រើប្រាស់​បណ្តាញសង្គមទាំងនោះ​ បាន​ចូលរួមលើក​​កម្ពស់សកម្មភាព​ខុសច្បាប់៕