(អន្តរជាតិ)៖ ប្រវត្តិសាស្ត្រ បានឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង ដែលបានកើតឡើងជាច្រើនលើកច្រើនសារ លើករួចមកហើយ។ នេះមិនមែនមានន័យថា មហាអំណាចមួយនេះមិនអាចព្យាយាមជាថ្មីនោះទេ ប៉ុន្តែការចាប់ផ្ដើមជាថ្មី ទាមទារជាខ្លាំងនូវការត្រៀមរៀបចំ យ៉ាងហ្មត់ចត់នៅមុនកិច្ចជំនួបដ៏កម្រនេះ ដោយធ្វើយ៉ាងឱ្យប្រាកដថា កិច្ចជំនួបនេះ ពិតជាអាចផ្តល់ផលផ្លែតាមការគ្រោងទុក ព្រោះយើងដឹងហើយថា កន្លងមក រដ្ឋាភិបាលក្រុងព្យុងយ៉ាង ធ្លាប់បានលុបចោលនូវក្តីសង្ឃឹមរបស់អន្តរជាតិ ម្តងហើយម្តងទៀត ហើយបន្តឥរិយាបថផ្លាស់ប្តូរឥតឈប់ឈរ។

គិតត្រឹមថ្ងៃនេះ ប្រធានាធិបតីអាមេរិក មានពេលវេលាខ្លះដើម្បីការត្រៀមរៀបចំមុនកិច្ចជំនួបដ៏កម្រនេះ។ ៦ចំណូច ខាងក្រោម ជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវពិចារណា៖

១៖ មិនត្រូវបន្ធូរបន្ថយទណ្ឌកម្ម

មតិខ្លះយល់ថា ការសម្រាលទណ្ឌកម្មចំពោះរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជាមធ្យោបាយមួយដើម្បីកាត់បន្ថយសម្ពាធ និងបង្កើនបរិយាកាសល្អសម្រាប់កិច្ចចរចា។ ប៉ុន្តែកុំភ្លេចថា មិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលប្រទេសកុម្មុយនីសមួយនេះ ផ្លាស់ប្តូរទង្វើរបស់ខ្លួនភ្លាមៗ ស្ទើរតាមមិនទាន់។  ការដកទណ្ឌកម្មពីប្រទេស កូរ៉េខាងជើង អាចនឹងទទួលបានការខាតបង់ ដោយសារប្រទេសនេះ មិនចូលចិត្តប្រកាន់ពាក្យសន្យា។ ហេតុនេះដរាបណា មិនទាន់មានកិច្ចចរចាប្រកបដោយផ្លែផ្កា អន្តរជាតិមិនគួរដកទណ្ឌកម្មលឿនពេកនោះទេ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែបដិសេធរាល់ការអំពាវនាវ ឱ្យកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដូចដែលខ្លួនធ្លាប់ធ្វើកន្លងមក។ យុទ្ធនាការដាក់សម្ពាធកម្រិតអន្តរជាតិ ត្រូវតែបន្ និងពង្រឹង ដរាបណាទាល់តែរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្លាស់ប្តូរឥរិយាបទទៅរកភាពវិជ្ជមាន។
យ៉ាងនេះក្តី សេចក្តីសម្រេចពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងចំនុច ៤០១ អាចអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ព្យួរការដាក់ទណ្ឌកម្មបានរយៈពេល ១ ឆ្នាំ ប្រសិនបើកូរ៉េខាងជើងបង្ហាញការកែប្រែឥរិយាបថ និងមានចេតនាពិតប្រាកដក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

២៖ នៅតែបន្តការធ្វើសមយុទ្ធយោធាតាមការគ្រោងទុក

អាមេរិក អាចស៊ាំទៅហើយក្នុងការប្រឈមមុខនឹងប្រតិកម្មពីកូរ៉េខាងជើង រាល់ពេលដែលខ្លួនធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ហេតុនេះសម្ព័ន្ធមិត្តទាំងពីរគួរតែបន្តការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ តាមការគ្រោងទុក បន្ទាប់ពីត្រូវបានពន្យាម្តងរួចមកហើយដោយសារព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក។
ការធ្វើសមយុទ្ធយោធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសមត្ថភាពការពារជាតិ រវាងសម្ព័ន្ធមិត្តទាំងពីរដែលធ្លាប់បានអនុវត្តជាប្រចាំជាច្រើនឆ្នាំកន្លងមក ក៏ដូចជាការកសាងទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួត។ ហេតុនេះ ការធ្វើសមយុទ្ធនេះ មិនគួរលុបចោល ដើម្បីគ្រាន់តែផ្គាប់ចិត្តកូរ៉េខាងជើង ដែលត្រឹមតែជាអ្នកក្រៅម្នាក់នោះទេ។

៣៖ ស្នើដាក់ចេញនូវរបៀបវារៈនៃកិច្ចប្រជុំ

ដាក់បញ្ចូលគ្នានូវរបៀបវារៈរួមមួយ សម្រាប់កិច្ចជំនួបកំពូល ដែលឆ្លើយតបតាមក្តីព្រួយបារម្ភ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងត្រូវគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅចុងក្រោយនៃកិច្ចជំនួប គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងត្រូវអនុវត្តតាមយ៉ាងពេញលេញ ស្មោះត្រង់ និងគ្មានការផ្លាស់ប្តូរ។ ក្រៅពីនេះ របៀបវារៈនៃកិច្ចជំនួបជាមួយលោកគឹម ចាំបាច់ត្រូវតែស្របតាមលក្ខខណ្ឌព្រមព្រៀងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះផងដែរ ដើម្បីបញ្ជៀសបញ្ហារាំងស្ទះណាមួយ ដែលអាចកើតឡើងជាយថាហេតុនៅថ្ងៃនៃជំនួបពិតប្រាកដ។
កុំភ្លេចថា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតនាពេលកន្លងមក ជាមួយរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ត្រូវបរាជ័យជាច្រើន ដោយសារតែកិច្ចព្រមព្រៀងខ្លីៗ មិនច្បាស់លាស់ ដែលធ្វើឱ្យភាគីទាំងពីរ មានការយល់ឃើញ និងបកស្រាយខុសគ្នាៗ ពាក់ព័ន្ធនឹងអ្វីដែលបានពួកគេបានព្រមព្រៀងគ្នា ជាក់ស្តែងដូចជា ការរៀបចំរបៀបវារៈនេះជាដើម។

៤៖ កសាងទំនុកចិត្តដល់កូរ៉េខាងជើង

បើទោះបី ការលុបបំបាត់នុយក្លេអ៊ែរ តែជាគោលដៅស្នូល សម្រាប់សហរដ្ឋអាមេរិក ក្នុងកិច្ចជំនួបជាប្រវត្តិសាស្ត្រជាមួយកូរ៉េខាងជើងក្តី ប៉ុន្តែការកសាងទំនុកចិត្តសម្រាប់រដ្ឋាភិបាលផ្ដាច់ការដែលជាដៃគូពិភាក្សាមួយនេះ គឺជារឿងដែលសំខាន់មិនអាចខ្វះបាន។ ដូចដែលយើងបានដឹងហើយថា បញ្ហាអសន្តិសុខ និងការដួលរលំរបបកុម្មុយនីស បានក្លាយជាក្តីបារម្ភ ដែលបានចាក់ឬសយ៉ាងជ្រៅទៅហើយក្នុងខួរក្បាលមេដឹកនាំកូរ៉េខាងជើង ហេតុនេះរបបដឹកនាំដ៏ឯកាមួយនេះ ពិតជាគ្មានថ្ងៃលះបង់កម្មវិធីនុយក្លេអ៊ែរជាដាច់ខាត ដរាបមេដឹកនាំរូបនេះ នៅតែមានភាពសង្ស័យលើសហរដ្ឋអាមេរិក និងអន្តរជាតិ។
ហេតុនេះ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន គួរស្នើឱ្យមានកិច្ចពិភាក្សាណាមួយ ពាក់ព័ន្ធនឹងការកសាងទំនុកចិត្តដោយភាពច្បាស់លាស់ទុកជាមុន ដើម្បីបង្កើនតម្លាភាព រវាងកងយោធាកូរ៉េខាងជើង និងយោធាសម្ព័ន្ធមិត្ត ព្រមទាំងកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

៥៖ ទាមទារការបញ្ជាក់នូវភាពស្មោះត្រង់ពីកូរ៉េខាងជើង

ក្រៅពីការផ្តល់អោយកូរ៉េខាងជើង នូវទំនុកចិត្ត សហរដ្ឋអាមេរិកក៏ចាំបាច់ត្រូវតែទាមទារភាពស្មោះត្រង់ពីប្រទេសដ៏ក្រលិចក្រលុច ដែលតែងតែផ្លាស់ប្តូរឥរិយាបថ ១៨០ដឺក្រេ មួយនេះផងដែរ។ ដើម្បីទទួលបាននូវភាពស្មោះត្រង់ពីកូរ៉េខាងជើង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវទាមទារឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង នូវការប្តេជ្ញាចិត្តថាខ្លួនពិតជាមានបំណងចង់កែប្រែទំនាក់ទំនងឱ្យប្រសើរឡើងពិតប្រាកដ ឬយ៉ាងណា។ អាមេរិកអាចដកពិសោធន៍កូរ៉េខាងជើង តាមរយៈការទាមទារឱ្យដោះលែងអ្នកទោសអាមេរិកបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង និងឱ្យកូរ៉េខាងជើង វិលទៅគោរពតាមកិច្ចព្រមព្រៀងយុទ្ធសន្តិភាពបន្ទាប់ពីសម័យសង្គ្រាមកូរ៉េជាដើម។

៦៖ តែងតាំងមន្ត្រីសំខាន់ៗ

គ្មានកិច្ចចរចាជាមួយដៃគូជម្លោះណាមួយដែលទទួលបានជោគជ័យ ដោយគ្មានអ្នកសម្របសម្រួលនោះទេ។ មន្ត្រីទទួលបន្ទុកក្នុងការងារសម្របនេះ ពិតជាមានសារសំខាន់មិនអាចខ្វះបានជាអកុសល សហរដ្ឋអាមេរិក មិនមានសូម្បីមន្ត្រីទូតប្រចាំនៅកូរ៉េខាងត្បូង។

ហេតុនេះសហរដ្ឋអាមេរិក គួរប្រញ៉ាប់ប្រញ៉ាល់ ក្នុងការតែងតាំងមុខតំណែងសំខាន់ៗ ជាពិសេសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរ៉េខាងត្បូង និងតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក គួរតែតែងតាំងគណប្រតិភូជាន់ខ្ពស់ដើម្បីសម្របសម្រួលគោលនយោបាយអាមេរិក សម្រាប់ប្រទេស កូរ៉េខាងជើង និងកាន់តួនាទីជាដៃគូសន្ទនាជាន់ខ្ពស់ជាដើម៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា