​(សេអ៊ូល)៖ វិមានប្រធានាធិបតី​កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបាននិយាយថា ក្រុមចុងភៅ​នឹងចំអិនម្ហូប rösti របស់ស្វីស​សម្រាប់ទទួល មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីទទួលទាន​អាហារ​ពេលល្ងាច ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅអំឡុងពេល​ដែលមេដឹកនាំទាំងពីរ​ចូលរួមក្នុងកិច្ចប្រជុំអន្តរកូរ៉េជា​ប្រវត្តិសាស្ត្រ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ នេះបើតាម​ការចេញ ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅ​ល្ងាចថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

យោងតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង rösti របស់ស្វីស​ ដែលជាប្រភេទម្ហូបដំឡូង​បារាំងចៀន ត្រូវបានជ្រើសរើស​ជា «មុខម្ហូបពិសេស» ដើម្បីរំលឹកដល់​វ័យកុមារភាពរបស់​លោក គីម ជុងអ៊ុន ដែលបានចំណាយ​ពេលរៀនសូត្រ​នៅប្រទេសស្វីស។ បន្ថែមពី​លើនេះ មីត្រជាក់បែប​កូរ៉េខាងជើង ឬគេ​ហៅថា នែងម្យឿន (naengmyeon) ក៏ត្រូវបានគេជ្រើសរើស​ជាមុខម្ហូបសម្រាប់ទទួល​លោក គីម និងលោក មូន ព្រមពេល​ជាមួយគ្នាផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​មិនដែលទទួល​ស្គាល់ថា លោក គីម ជុងអ៊ុន បានរៀនសូត្រ​នៅស្វីសឡើយ ប៉ុន្តែអតីតមិត្តរួមថ្នាក់ និងគ្រូ របស់លោក​សុទ្ធតែអះអាង​ដូចគ្នាថា ពួកគេ បានចំណាយ​ជាមួយ​លោក គីម នៅទីនោះ។ ចំណែកឯ​សារព័ត៌មានស្វីស​ ក៏បានរាយ​ការណ៍ថា មេដឹកនាំកូរ៉េខាងជើង​រូបនេះ​បានស្នាក់នៅ និងរៀននៅស្វីស​ក្រោមឈ្មោះក្លែងក្លាយ​ទៀតផង៕