(អង់ការ៉ា)៖ ជុំវិញការសម្រេច​រៀបចំការបោះឆ្នោត​មុនពេលកំណត់​ របស់ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេសតួកគី លោក មេហមែត អាលី ហ្គូល្លឺ (Mehmet Ali Guller) បានលើក​ឡើងថា ក្រៅតែពីការកត្តា​បញ្ហានៅក្នុងប្រទេស មូលហេតុ​នៅ​ពីក្រោយការ​សម្រេចចិត្ត​នេះ គឺមានជាប់​ពាក់ព័ន្ធនឹងគម្រោង​ធ្វើសកម្មភាពយោធា ​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​​ដោយ​​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

លោក Guller បានថ្លែងប្រាប់​សារព័ត៌មាន Sputnik នៅក្នុងកិច្ច​សម្ភាសន៍មួយថា ការសម្រេចរៀបចំ​ការបោះឆ្នោត​មុនពេលកំណត់នេះ គឺ​កើត​ចេញមិនត្រឹមតែ​ពីបញ្ហានៅក្នុងគណបក្ស​យុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) និងគណបក្ស​ចលនាជាតិ​និយម (NMP) ប៉ុណ្ណោះទេ វាក៏មាន​ការពាក់​ព័ន្ធ​ដោយ​ផ្ទាល់ទៅនឹងផែនការ​យោធារបស់​អាមេរិកផងដែរ។

ក្រោយពីបានជួបពិភាក្សាជាមួយ​ប្រធានបក្សប្រឆាំង NMP លោក ដេវឡេត បាសេលី (Devlet Bahceli) លោក Erdogan បានគូស​បញ្ជាក់ថា ប្រទេស​តួកគីនឹង​រៀបចំការបោះឆ្នោត​សភា និងប្រធានាធិបតីមុន​កាល​កំណត់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ ជុំវិញ​រឿងនេះ លោក Guller បានបញ្ជាក់​ថា ស្ថានការណ៍​ស្រដៀងគ្នានេះ ក៏ធ្លាប់បានកើត​មានកាលពីមុន​មកផងដែរ តួយ៉ាងកាលពី​ឆ្នាំ២០០២ នៅពេលដែល​សហរដ្ឋអាមេរិក បាន​រៀប​ចំ​គម្រោង​សម្រាប់​ការ​​ធ្វើ​អន្តរាគមន៍​​នៅប្រទេស​អ៊ីរ៉ាក់ លោក Bahceli បានអំពាវនាវ​ឲ្យមានការបោះឆ្នោត​មុនពេល​កំណត់ ដែលជា​លទ្ធផល​​​គណបក្ស AKP ​បានឡើងកាន់​អំណាចនៅ​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០២។

សម្រាប់ពេល​បច្ចុប្បន្នវិញ លោក Bahceli បានស្នើឲ្យមានការបោះឆ្នោត​មុនកាលកំណត់​ នៅចំពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់​គ្លេស និងបារាំង បានចាប់ផ្តើមរៀបចំ និងអនុវត្តន៍ផែនការ​សកម្មភាពយោធា​របស់ពួកខ្លួន ប្រឆាំងប្រទេស​ស៊ីរី។ ដំបូងឡើយ​លោក Bahceli បាន​ឲ្យ​ជាយោបល់ថា ការបោះឆ្នោតនេះ គួរធ្វើឡើងនៅ​ថ្ងៃទី២៤ ខែសីហា ប៉ុន្តែប្រធានាធិបតី លោក Erdogan ចង់ឲ្យប្រព្រឹត្ត​ទៅឆាប់​ជាងនេះ គឺនៅ​​ថ្ងៃទី២៤ ខែមិថុនា​វិញ៕