(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមាន​បានសំដែងការពេញចិត្ត​ពេញថ្លើម​ជាខ្លាំង ចំពោះការដែល​គណៈកម្មាធិការ​ទំនាក់ទំនង​​​កិច្ចការ​បរទេស​ ​នៃ​ព្រឹទ្ធិ​សភា​បានសម្រេច​ផ្តល់គាំទ្រ​ដល់លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) ដែល​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យ​កាន់​​មុខ​តំណែង​​ជា​ប្រមុខ​ការ​ទូត​ថ្មី​របស់​​សហរដ្ឋ​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

លោក Mike Pompeo ដែលត្រូវបានណែនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីមកជំនួសលោក Rex Tillerson ជារដ្ឋ​មន្រ្តីការបរទេសអាមេរិកថ្មី ទទួលបានការគាំទ្រពីគណៈកម្មាធិការខាងលើនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងសំឡេង​១១​ទល់០៩។​

ជុំវិញដំណឹង​ដ៏ល្អនេះ សេតវិមានរបស់​លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍​មួយថា «ជាមួយ​លទ្ធផលនេះ ពលរដ្ឋអាមេរិក​​ទាំងអស់ បានបោះជំហាន​កាន់ជិតថែមទៀត ក្នុង​ការទទួលបាន​ប្រមុខការទូត​របស់ពួកគេ កាន់តួនាទី​នៅចំពេលដ៏សំខាន់​បំផុតមួយ​ក្នុង​ប្រវត្តិសាស្រ្ត​នៃប្រទេសរបស់​យើង។ យើងទន្ទឹងរង់ចាំ​ព្រឹទ្ធសភាទាំងមូល​ នឹងធ្វើការអនុម័ត​​លោក Mike Pompeo ជាផ្លូវការចុង​ក្រោយ នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ»

គួរជម្រាបថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​អាមេរិក CIA លោក Pompeo ដែលជាអ្នកស្ម័គ្រស្មោះ​ម្នាក់នឹង​លោក ត្រាំ ត្រូវបានគេ​មើលឃើញថា ជាបុគ្គលម្នាក់ដែល​ស្រឡាញ់​សង្រ្គាម ហើយ​ក្នុងនាមជាអ្នក​តំណាងឲ្យ​លោក ដូណាល់ ត្រាំ រូបលោក Pompeo កាលពី​ដើមខែនេះ បានធ្វើទស្សន​កិច្ចស្ងាត់ៗដើម្បី​ទៅជួបជាមួយ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំ​កំពូលផុតលេខ​របស់​កូរ៉េខាងជើង នៅឯរដ្ឋធានី​ព្យុងយ៉ាង​ទៀតផង៕