(ម៉ូស្គូ)៖ ការទទូចរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ឱ្យសហរដ្ឋអាមេរិក​បន្តរក្សាវត្តមាន​យោធា នៅក្នុង​ប្រទេសស៊ីរីនោះ ហាក់ដូចជា​បានបង្ហាញ​យ៉ាងច្បាស់ថា ចរិកអាណានិគម​បារាំងកំពុង​ត្រឡប់មក​វិញសាជាថ្មី។ នេះគឺជា​សម្ដីរបស់ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ ( Sergei Lavrov) ចុះផ្សាយ​បន្តដោយ​សារព័ត៌មាន Russian Today នៅ​ព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

លោក ស៊ឺហ្គៃ ឡាវរ៉ូវ ធ្វើការកត់​សម្គាល់បែបនេះ នាឱកាសធ្វើសន្និសីទ​សារព័ត៌មានរួមគ្នា​ ជាមួយរដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី កាល​ពី​ថ្ងៃចន្ទ​ក្នុងទីក្រុងប៉េកាំង។ ថ្លែងនា​ឱកាសនោះដែរ លោកប្រមុខ​ការទូតរុស្ស៊ីរូបនេះ​ បានលើក​ឡើងយ៉ាង​ដូច្នេះថា «ខ្ញុំបានលឺប្រធានាធិបតី​បារាំង​ លោក អែមម៉ានុយអែល ម៉ាក្រុង ទទូចឱ្យ​សហរដ្ឋអាមេរិក​កុំដកទ័ពចេញពីប្រទេស​ស៊ីរី បើទោះជា​ពួកភេរវករ​ត្រូវបាន​លុបបំបាត់ ឬត្រូវបណ្ដេញ​ចេញពីស៊ីរី​ក៏ដោយ... នេះជាការបង្ហាញយ៉ាង​ច្បាស់​ អំពីគោលជំ​ហរបែប​អាណានិគម»

គួរជំរាបថា កាលពី​ថ្ងៃទី១៤ ខែមេសា ក្រោយបារាំង​បានចូលរួមជាមួយ​សហរដ្ឋអាមេរិក និងអង់គ្លេស ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស លើទីតាំងដែល​​សម្ព័ន្ធមិត្តអាមេរិក​បានចោទថា ស៊ីរីលួចផលិត និងលាក់​​អាវុធគីមីនោះ លោក ម៉ាក្រុង បាន​​អះអាងថា លោកគឺជាអ្នក​បញ្ចុះបញ្ចូល​ឱ្យលោក ដូណាល់ ត្រាំ បើកការ​វាយប្រហារនេះ ហើយថា​វាគឺជារឿងចាំបាច់​ ដែលសហរដ្ឋអាមេរិក​ត្រូវតែរក្សាវត្តមាន​កងទ័ពនៅស៊ីរី ដើម្បីជួយ​កសាងស៊ីរី​ថ្មីមួយ នៅក្រោយ​សង្រ្គាម​បញ្ចប់៕