(អ៊ីស្រាអែល)៖ កងទ័ពអាកាស​អ៊ីស្រាអែល បានលុបចោលការ​ចូលរួមនៃក្រុម​យន្តហោះចម្បាំងធុន F-15 របស់ខ្លួន នៅក្នុងការ​ធ្វើ​សមយុទ្ធ​ផ្លូវ​​អាកាស​អន្តរជាតិ Red Flag ដែលប្រារព្ធ​ឡើងនៅរដ្ឋអាឡាស្កា​ នៃសហរដ្ឋអាមេរិក ខណៈដែល​ប្រទេស​អ៊ីស្រាអែល កំពុងប្រឈមមុខ​នឹង​ភាពតានតឹង​កាន់តែកើន​ឡើង ជាមួយអ៊ីរ៉ង់ និងស៊ីរី ព្រមទាំងការ​បំផ្ទុះបាតុកម្មទ្រង់ទ្រាយ​ធំ​ជាបន្តបន្ទាប់ នៅតំបន់​ហ្គាហ្សា (Gaza)។ ហេតុដូច​នេះជំនួសមកវិញ យន្តហោះ​ចម្បាំង F-15 នឹងបន្តនៅប្រុងជើងការ​ខ្ពស់ក្នុងប្រទេស​របស់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

សមយុទ្ធយោធា Red Flag គឺជាការហ្វឹកហាត់​សមផ្នែកប្រយុទ្ធ​ផ្លូវអាកាស​ដ៏ទំនើប និងស្មុគស្មាញ​មួយ ដែលត្រូវរៀបចំ​ឡើងនៅឯមូលដ្ឋាន​ទ័ព​អាកាស នែលលីស (Nellis) នៃ​រដ្ឋណេវ៉ាដា (Nevada) និងនៅមូលដ្ឋានទ័ព​អាកាស អៀលសុន (Eielson) ក្នុងរដ្ឋអាឡាស់ស្កា។ តាមពិត​សមយុទ្ធ Red Flag ដែល​ប្រព្រឹត្ត​ទៅនៅ​អាឡាស្កា នឹងក្លាយជា​ការចូលរួមលើកទីមួយ​របស់អ៊ីស្រាអែល ដែលវាអនុញ្ញាត​ឲ្យ​ប្រទេស​ដទៃទៀត ចូលរួម​ហ្វឹកហាត់​លើសណ្ឋាណន​ដីគ្របដណ្តប់ដោយព្រិល និងអាកាសធាតុត្រជាក់ ដោយវាគឺជា​ឱកាសដ៏កម្រសម្រាប់​ដៃគូអាមេរិក​មួយចំនួន ដូចជាអ៊ីស្រាអែល​ជាដើម ទោះ​បី​ជាប្រទេស​នៅតំបន់មជ្ឈិមបូព៌ា​មួយនេះ ធ្លាប់បានចូលរួមក្នុង​លំហាត់យោធា Red Flag ដទៃទៀត​ក៏ដោយ។

គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែមេសា យន្តហោះ​ចម្បាំងធុន F-15 ចំនួនពីរគ្រឿង​ របស់​អ៊ីស្រាអែល បានវាយប្រហារទៅលើមូលដ្ឋាន​ទ័ព​​អាកាស T-4 របស់ស៊ីរី ដែលបានផ្តាច់ជីវិត​ជនជាតិអ៊ីរ៉ង់ ០៧នាក់ ដែលធ្វើប្រតិបត្តិការ​នៅទីនោះ ក្នុងនាមជា​ក្រុមតំណាង​ឲ្យរដ្ឋាភិបាល​អ៊ីរ៉ង់​។ ការវាយប្រហារ​នាពេលនោះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប​ចំពោះការចោទ​ប្រកាន់ថា យន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះមួយ​គ្រឿង ត្រូវបាន​គេ​បញ្ជូនចូលមក​ក្នុងដែនអាកាស​អ៊ីស្រាអែល ដោយចេញ​ពីបន្ទាយ T-4។

ចាប់តាំងពីពេល​នោះមក អ៊ីស្រាអែល​ត្រូវគេរាយការណ៍ថា បាន​បង្គាប់ឲ្យ​ក្រុមយន្តហោះ​ចម្បាំង F-15 បង្កើនការប្រុង​ប្រយ័ត្នខ្ពស់បំផុត​​​ក្នុង​ករណីដែល​អ៊ីរ៉ង់ អាចនឹងវាយបកវិញ ដោយសារ​ក្រសួងការបរទេស​អ៊ីរ៉ង់​ធ្លាប់បានប្តេជ្ញាថា នឹងឆ្លើយតបចំពោះសកម្មភាព​វាយប្រហារ​នេះ​៕