(សេអ៊ូល)៖ តម្លៃស្លាក​យីហានៃក្រុមហ៊ុន​អាកាសចរណ៍ Korean Air បាន​​និង​​កំពុង​​​បន្ត​​ធ្លាក់​ចុះ​ចាប់តាំងតែ​ពី​​មានការផ្ទុះ​​រឿង​អាស្រូវ​​ដ៏កក្រើក​នាពេល​ថ្មីៗនេះ កើតមានជុំវិញ​គ្រួសារនៃម្ចាស់​ក្រុមហ៊ុននេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅ​ព្រឹក​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

តម្លៃភាគហ៊ុន​របស់អាកាសចរណ៍ Korean Air នៅក្នុងផ្សារហ៊ុនគិតត្រឹម​ថ្ងៃចន្ទម្សិលមិញនេះ គឺបានបិទ​នៅត្រឹម ៤៧៣,០០០វ៉ុន (៤៣៩​ដុល្លារ)​។ តម្លៃស្លាក​យីហោ​របស់អាកាសចរណ៍​កូរ៉េនេះ បានបន្តដាំ​ក្បាលចុះ ចាប់តាំងពី​ថ្ងៃទី១៦ ខែមេសា ភ្លាមៗបន្ទាប់ពី​​លោកស្រី ចូ យ៉ុនមីន (Cho Hyun-min) ជាអតីតអគ្គនាយករង និងជាកូនស្រីពៅ​នៃប្រធាន​ក្រុមហ៊ុន Korean Air ត្រូវបានចោទ​ប្រកាន់ពីបទប្រព្រឹត្ត​មិនល្អ​ ទៅលើ​អ្នក​​រួមការងារ។

រឿងអាស្រូវ​នេះ បានផ្ទុះឡើងដោយសារ​មានការចោទ​ប្រកាន់ថា លោកស្រីបានជះទឹក​ទៅលើមុខ​របស់ប្រធានផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​​​របស់ Korean Air ដោយសារតែអារម្មណ៍​ខឹងឆេវឆាវ នៅក្នុង​កិច្ចប្រជុំមួយ ក៏ព្រោះតែបុគ្គលនោះ​ មិនអាចឆ្លើយសំណួរ​របស់លោកស្រី​បាន ហើយ​មិនយូរ​ប៉ុន្មានវាក៏បានរាល​ដាល​ទៅដល់ការ​សង្ស័យថា មានអំពើ​លួចរត់ពន្ធ និងបទល្មើស​ដទៃទៀត ដែលប្រព្រឹត្ត​ដោយក្រុមគ្រួសារ​របស់​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air ទាំងមូល​តែម្តង ដោយក្នុងនោះ​រួមមានទាំងភរិយា​របស់លោក ដែលត្រូវបាន​គេចោទប្រកាន់​​ដូច​ទៅនឹងកូនស្រី​របស់ខ្លួនដែរ នោះគឺការប្រព្រឹត្ត​អាកប្បកិរិយាមិនល្អទៅលើបុគ្គលិក​ក្រុមហ៊ុន។

គួរជម្រាបថា នាម្សិលមិញនេះ​ស្ថាប័នគយ​កូរ៉េខាងត្បូង ក៏បានចុះធ្វើការឆែកឆេរ​ទីស្នាក់ការកណ្តាល​និងការិយាល័យ​របស់​អាកាសចរណ៍ Korean Air ថែម​​ទៀត​ផង​ជុំវិញការសង្ស័យថា សមាជិកនៃក្រុម​គ្រួសាររបស់​មហាសេដ្ឋី ចូ យ៉ាងហូ (Cho Yang-ho) ដែលជា​ប្រធាន​ក្រុមហ៊ុន បាន​លួច​នាំ​ចូល​ទំនិញ​​ប្រណិតៗ​មកកាន់ប្រទេស​អាស៊ីខាងកើតនេះ ដោយមិន​បាន​បង់ពន្ធ។

ដោយឡែក ប៉ូលិស​កូរ៉េខាងត្បូង​បានឲ្យដឹង​ទៀតថា ពួកគេបានបើកការ​ស៊ើបអង្កេត​បឋម​ ទៅលើភរិយា​របស់ប្រធាន​ក្រុមហ៊ុន Korean Air គឺលោកស្រី លី ម្យុងហ៊ី (Lee Myung-hee) ដែលត្រូវបាន​គេចោទប្រកាន់ថា បានបញ្ជាកម្មករសំណង់ម្នាក់ ដែលលោកស្រីជួលឲ្យមកកែលម្អ​រគេហ​ដ្ឋាន​​របស់​លោក​ស្រី កាលពីឆ្នាំ២០១៣ ឲ្យលុតជង្គង់​ហើយព្យាយាមទះកំផ្លៀង​បុគ្គលរូបនោះ។

នៅពេលកម្មករសំណង់នោះ បានគេចចេញពីការ​ទះ​កំផ្លៀង លោកស្រី Lee ក៏បាន​ស្រែក​គំហកដាក់ និងទាត់ធាក់លើបុគ្គលនោះថែមទៀតផង។ ម៉្យាងវិញទៀត លោកស្រី Lee ក៏ត្រូវគេ​​សង្ស័យថា បានជេ​រប្រទិចបុគ្គលិកម្នាក់របស់សណ្ឋាគារ ហ្គ្រែន ហាយ៉ាត់ (Grand Hyatt) នៅខេត្ត អ៊ីនជាន់ (Incheon) ដែលជាបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន ហានជីនគ្រុប (Hanjin Group) ជា​ម្ចាស់របស់ក្រុមហ៊ុន Korean Air ហើយបន្ទាប់ទៀត​លោកស្រី ក៏បានបណ្តេញបុគ្គលិក​រូបនោះពីការងារ ដោយសារតែ​គេមិនចំណាំ​លោក​ស្រី និងហៅលោកស្រី​ថា ជាស្រ្តី​ចំណាស់។

ជុំវិញរឿងអាស្រូវខាងលើនេះ លោកស្រី Cho Hyun-min ដែលជាកូនស្រី​របស់លោក Cho Yang-ho និងលោកស្រី Lee Myung-hee កំពុង​តែស្ថិតក្រោម​ការស៊ើបអង្កេតរបស់អាជ្ញាធរ។ លោកស្រី Cho Hyun-min គឺជាប្អូនស្រីរបស់​លោកស្រី Cho Hyun-ah ដែលធ្លាប់មានជាប់​ពាក់​ព័ន្ធនឹងរឿងអាស្រូវ​ដ៏កក្រើកដូចគ្នា​កាលពីឆ្នាំ២០១៤។ កាលនោះ​លោកស្រី Hyun-ah បានបញ្ជាឲ្យ​យន្តហោះមួយគ្រឿង​របស់​​​អាកាសចរណ៍ Korean Air វិលត្រឡប់​ទៅចុះចតនៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អែហ្វ ខេនណឺឌី (John F. Kennedy) នៃទីក្រុងញូយ៉កវិញ ដោយសារតែ​​លោកស្រី មិន​ពេញ​ចិត្ត​នឹងការដែលគេ​បម្រើគ្រាប់ផ្លែឈើ​មកឲ្យលោកស្រី គឺអ្នកបម្រើ​លើយន្តហោះ បានដាក់គ្រាប់ផ្លែឈើនោះ​ក្នុងកញ្ចប់​មួយ ​ជំនួស​ឲ្យ​ការ​​ដាក់​លើ​ចាន។

លោកស្រី ចូ យ៉ុនអា (Cho Hyun-ah) វ័យ ៤៤ឆ្នាំ ត្រូវបាន​គេរកឃើញ​ថា មានទោសពីបទ​រំលោភលើសុវត្ថិភាព​អាកាសចរណ៍​ និងបទប្រើអំណាច​បង្ខិត​បង្ខំ​កាលពី​ឆ្នាំ២០១៥ ហើយបានជាប់ពន្ធនាគារ​រយៈពេល ០៥ខែ។ កាលពីខែមុន លោកស្រី Hyun-ah បានមកកាន់​តួនាទី​ជា​ប្រធាន​​ នៃ​បណ្តាញ​​សណ្ឋាគារ KAL ដែលជាប្រតិបត្តិការ​របស់សណ្ឋាគារ Grand Hyatt។ យ៉ាងណាមិញ បងប្អូនស្រីទាំងពីរ​នាក់ ដែលត្រូវជាចៅស្រីរបស់​​បិតា​ស្ថា​និកសម្ព័ន្ធ Hanjin Group ដែលជាចក្រភព​ជំនួញគ្រប់គ្រងដោយ​គ្រួសារ ដ៏ធំមួយ​នៅកូរ៉េខាងត្បូងនេះ នឹងចុះចេញពី​តំណែងរបស់​ពួកគេ​។

ជាមួយគ្នានេះ លោក ចូ វ៉ុនតែ (Cho Won-tae) ដែលជាកូនប្រុសច្បង​នៃក្រុមគ្រួសារ​ត្រកូល Cho នេះ នៅតែបន្តជាអគ្គនាយក និងជានាយកទទួល​​បន្ទុកប្រតិបត្តិការ​របស់អាកាសចរណ៍ Korea Air ដដែល ខណៈគេហដ្ឋានរបស់​លោក​ និងបងប្អូនស្រីទាំងពីរនាក់ ក៏ត្រូវ​បាន​អាជ្ញា​ធរ​​កូរ៉េ​ខាង​ត្បូង ចុះឆែកឆេរ​រឿងទំនិញ​រត់ពន្ធ​ផងដែរ៕