(វ៉ាស៊ីនតោន)៖ គេហទំព័រឃ្លាំ​មើល​សកម្មភាព និងរឿងសម្ងាត់កូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក 38 North បានអះអាងថា ទីតាំងធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ​នៅតែអាចធ្វើ​ប្រតិបត្តិការបាន​យ៉ាងពេញលេញ ហើយដែលនេះ​គឺផ្ទុយទាំងស្រុង​ទៅនឹងសេចក្ដីរាយការណ៍​ថា ទីតាំងធ្វើតេស្ដ​នេះ​ជិតរលំ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន សេចក្ដីរាយការណ៍​ជាច្រើន​បានឱ្យដឹងថា កូរ៉េខាងជើង​បានសម្រេច​ចិត្តបិទទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​មួយរបស់ខ្លួន​ ដោយសារតែវាមិនអាចប្រើប្រាស់​បានតទៅ​ទៀត។ ក៏ប៉ុន្តែ​បើតាម 38 North ទីតាំងសាកល្បង​នុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) ស្ថិតនៅភាគ​ឦសាន​នៃប្រទេស​កូរ៉េខាងជើង នៅតែអាច​ធ្វើប្រតិបត្តិការបាន ​យ៉ាងពេញលេញ​នៅពេល​ចាំបាច់។
វែបសាយ 38 North ​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងសាកល្បង​នុយក្លេអ៊ែរ Punggye-ri របស់​កូរ៉េខាងជើង ជាទីដែលទីក្រុងព្យុងយ៉ាង​បានដឹកនាំ ការ​សាកល្បងអាវុធនុយក្លេអ៊ែរ​ជាលើកទី ៦ នៅតែអាច​ប្រតិបត្តិការបាន​យ៉ាងពេញ​លេញ»

គេហទំព័រមួយនេះ​បន្ថែមថា កូរ៉េខាងជើង​ហាក់ដូចជា​បានបោះបង់ចោល​ ទីតាំងធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ​នៅតំបន់​ភាគខាងជើង បន្ទាប់​ពីការសាកល្បង​អាវុធនុយក្លេអ៊ែរ​ជាលើកទី ៦ កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែផ្លូវរូងក្រោម​ដីថ្មីមួយ​ ត្រូវបានគេប្រទះ​ឃើញនៅតំបន់​ភាគខាងលិច​នៃទីតាំង Punggye-ri កាលពីដើម​ខែមីនា​កន្លងទៅ។

គួរបញ្ជាក់ថា មុនជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភា ឬនៅដើមខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុនអ៊ុន បានប្រកាសថាទីក្រុងព្យុងយ៉ាង នឹង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ក៏ដូចជាបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនមួយកន្លែងផងដែរ។

យ៉ាងណាក៏ដោយ បើគេចាំមិន​ភ្លេចកាលពីជំនាន់ឪពុក​លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ក៏ធ្លាប់បាន​សន្យាដូចគ្នា​នេះដែរ តែនៅទីបញ្ចប់​របបដឹកនាំ​កុម្មុយនិស្ដមួយនេះ រឹតតែបង្កើនការ​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប​ជាបន្តបន្ទាប់។ ជាង​នេះទៅទៀត ក្រុមអ្នកជំនាញ​មួយចំនួនយល់​ថា ការប្រកាស​របស់លោក គីម ជុងអ៊ុន បញ្ជាក់ថា កូរ៉េខាងជើងបាន​ចាត់ទុកខ្លួន​ឯងជារដ្ឋ​នុយក្លេអ៊ែរ​ទៅហើយ ពោលគឺ​និយាយឱ្យចំមានអាវុធ​នុយក្លេអ៊ែរ​នៅក្នុងដៃទៅហើយ បច្ចុប្បន្នគឺជាពេលដែលកូរ៉េខាងជើង​ ត្រូវប្រឹងប្រែងធ្វើយ៉ាងណាស្ដារ​សេដ្ឋកិច្ចវិញម្ដង និងគេចចេញពី​ទណ្ឌកម្ម​របស់​អន្តរជាតិ៕