(ក្វាងចូវ)៖ អគ្គីភ័យដ៏​សន្ធោសន្ធៅមួយ​បានឆាបឆេះ Bar-KTV មួយកន្លែងនៅ​ក្នុងទីក្រុងគីងយ័ន នៃខេត្ត​ក្វាងទុង (Guangdong) ភាគខាងត្បូង​ប្រទេសចិន នាពេលរំលងអធ្រាតឈាន​ចូលថ្ងៃអង្គារនេះតែម្តង ដោយ​បានផ្តាច់​ជីវិតមនុស្សសរុប ១៨នាក់ និងបង្ករបួស ០៥នាក់​ផ្សេងទៀត។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

ភ្លើងត្រូវបាន​គេរាយការណ៍ថា បានឆាបឆេះ​នៅវេលាម៉ោង ០០៖៣០នាទីរំលង​អធ្រាត នៅក្នុងខារ៉ាអូខេ និងបារមួយ​កន្លែងនៅតាម​ដងផ្លូវ ឆាយ័ន នៃសង្កាត់​យីនដេ ក្នុងទីក្រុង​គីងយ័ន (Qingyuang) ហើយវា​បានរលត់ទៅវិញ​នៅរយៈពេល​ជាង ២០នាទីបន្ទាប់ ប៉ុន្តែជា​អកុសល្យ​​មនុស្ស ១៨នាក់បានស្លាប់ និង ០៥នាក់រងរបួស ដែលភាគ​ច្រើនជាភ្ញៀវ និងខ្លះទៀត​ជាអ្នកបម្រើ​ការងារនៅ​ក្នុងទីកន្លែង​ក​ម្សាន្តនោះ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលើនេះ គឺមិនទាន់​មាន​ការបញ្ជាក់ទេ៕