(សេអ៊ូល)៖ កាលពីថ្ងៃទី២១ ខែមេសា កន្លងទៅ អ្នកអានព័ត៌មានប្រចាំស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV លោកស្រី Ri Chun-hee បានអានសេចក្ដីថ្លែងការណ៍មួយរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ភ្ជាប់ជាមួយនូវការប្រកាសថា កូរ៉េខាងជើងបានសម្រេចចិត្តថានឹងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទាំងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរមួយផងដែរ។

សេចក្ដីថ្លែងការណ៍ខាងលើ ដែលមានចំណងជើង ការប្រកាសពីជ័យជម្នះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកងកម្លាំងនុយក្លេអ៊ែរ ត្រូវបានទទួលស្វាគមន៍ និងសាទរពីបណ្ដាប្រទេសជាច្រើន ជាពិសេសគឺកូរ៉េខាងត្បូង។ ប៉ុន្តែអ្នកជំនាញខ្លះនៅតែមានមន្ទិលសង្ស័យថា តើកូរ៉េខាងជើងមានឆន្ទៈពិតប្រាកដលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួនដែរឬទេ? ខាងក្រោមគឺជាសម្រង់ខ្លះនៃសេចក្ដីថ្លែងការណ៍ របបដឹកនាំទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៖

កថាខណ្ឌទី០២ បាននិយាយថា កូរ៉េខាងជើងបានសម្រេចចិត្ត បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរមួយកន្លែង។ នេះហាក់ដូចជាបង្ហាញថា ទីក្រុងព្យុងយ៉ាង មានបំណងរំសាយអាវុធនុយក្លេអ៊ែរ តែវាមិនមែនជាការបំពេញលក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចាស្នើឡើងដោយចិន និងរុស្ស៊ីនោះទេ។ មួយវិញទៀត កថាខណ្ឌនេះក៏មិនបានបញ្ជាក់ដែរពីបរិក្ខា ឬក៏ក្បាលគ្រាប់នុយក្លេអ៊ែរ និងរោងចក្រផលិតនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កថាខណ្ឌទី០៣ បញ្ជាក់ពីភាពអាចទៅរួចនៃគោលជំហររបស់កូរ៉េខាងជើង នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយកថាខណ្ឌនេះ ក៏លើកឡើងដែរថា ការបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ គឺជាផ្នែកមួយដ៏សំខាន់នៃការ លុបបំបាត់អាវុធនៅទូទាំងពិភពលោក។ ពោលគឺនៅត្រង់ចំណុចនេះ គឺពិតជាមានសារៈសំខាន់ គួរតែយល់ឱ្យច្បាស់ថា កូរ៉េខាងជើង និយាយពីការលុបបំបាត់អាវុធតែប៉ុណ្ណោះ មិនមែនរំសាយអាវុធនុយក្លេអ៊ែរនោះទេ។

កថាខណ្ឌទី០៤ បានអះអាងថា កូរ៉េខាងជើង នឹងមិនផ្ទេរអាវុធ ឬបច្ចេកវិទ្យានុយក្លេអ៊ែរ ឬក៏ប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹង ប្រជាជាតិដទៃឡើយ ទោះបីជាស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែនៅត្រង់កថាខណ្ឌនេះគឺគេអាចយល់បានថា កូរ៉េខាងជើងបានចាត់ទុកខ្លួនឯងជារដ្ឋនុយក្លេអ៊ែរទៅហើយ។

ចំណែកឯ នៅកថាខណ្ឌទី០៥ កូរ៉េខាងជើង បានគូសបញ្ជាក់ថា ខ្លួននឹងផ្ដោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងកសាងថាមពលនៃសេដ្ឋកិច្ចសង្គមនិយម ក៏ដូចជាលើកកម្ពស់ការរស់នៅរបស់ប្រជាជនកូរ៉េខាងជើង។ នៅត្រង់ចំណុចនេះដែរ គេអាចនិយាយបានពីរយ៉ាង៖ ម្យ៉ាងគឺកូរ៉េខាងជើងចង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ ឯម្យ៉ាងទៀតគឺទីក្រុងព្យុងយ៉ាង មានអាវុធនុយក្លេអ៊ែររួចទៅហើយ ដូច្នេះបច្ចុប្បន្នជាពេលត្រូវគិតគូរធ្វើយ៉ាងណាឱ្យរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អន្តរជាតិ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅឯតំបន់ព្រំដែនគ្មានយោធាខាងភាគីកូរ៉េខាងត្បូង។ លើសពីនេះទៅទៀត បើសិនជាគ្មានអ្វី ប្រែប្រួលទេ លោក គីម នឹងក្លាយជាមេដឹកនាំក្រុងព្យុងយ៉ាងដំបូងគេបំផុត ដែលយកជើងជាន់ទឹកដីកូរ៉េខាងត្បូង ខណៈជំនួបរវាង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ គ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឬនៅដើមខែមិថុនា ខាងមុខនេះ៕  

ប្រភព៖ Al Jazeera​