(ម៉ាឡេស៊ី)៖ ក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយលរដ្ឋមន្រ្តី បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងអនិកជនខ្មែរ នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី លោកស្រី យ៉ា ម៉ៃសុំ អនិកជនខ្មែរឥស្លាម នៅម៉ាឡេស៊ី អាយុ៧០ឆ្នាំ បានស្រដីទាំងទឹកភ្នែកអាឡោះអាឡៃ នឹករលឹកពីចម្ងាយ និងគោរពដឹងគុណដល់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន​រំដោះអាយុជិវិតគាត់ និង​ពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត ឲ្យរស់រានមានជីវិតរស់នៅ ដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមដំបូលនៃម្លប់សន្តិភាពតែមួយ។

ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨នេះ ដោយមានការចូលរួមពី លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំម៉ាឡេស៊ី, លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី ជាពិសេស​ជំនួបនេះ បានទទួលស្វាគមន៍ អបអរសាទរ ពីសំណាក់តំណាងសហគមន៍អនិកជនខ្មែរ ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅតំបន់នានា ក្នុងរដ្ឋខាងលើ នៃតំបន់ Sungai Boluh ប្រមាណជា៦០៤នាក់​​។

លោកស្រីតំណាងអនិកជនខ្មែរបន្តថា បើគ្មានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនផ្សេងៗទៀត ពេលនេះ​រូបលោកស្រីផ្ទាល់ និងអ្នកឯទៀត មិនត្រូវបានរស់រានមានជីវិតដល់សព្វថ្ងៃនោះទេ។​

ដើម្បីបង្កើនការយកចិត្តទុកដាក់ និងសម្រួលដោះស្រាយការងារលំបាកផ្សេង​ៗរបស់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ​លោកស្រី រត្ន ម៉ានី ជាអគ្គរាជទូតកម្ពុជា នៅម៉ាឡេស៊ី ផ្តល់ឱកាសដល់បងប្អូន​ចោទជាសំណួរ និងក៏ដូចជាការលើកឡើងនូវសំណើរនានា សុំអន្តរាគមន៍ពីស្ថានទូត ហើយលោកស្រី ក៏បានផ្តល់លេខទូរស័ព្ទទំនាក់ទំនង ​២៤ម៉ោងលើ២៤ម៉ោង នៅស្ថានទូតជូនដល់បងប្អូនផងដែរ។

បន្ទាប់ពីបាន​នាំនូវក្តីនឹករលឹក និងសាកសួរសុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧកញ៉ា អូស្មាន ហាស្សាន់ បាន​នាំនូវដំណឹងរីករាយផ្សេងៗស្តីពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល​ម៉ាឡេស៊ី ដែលបានផ្តល់ជម្រកដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរ ដែលបានភៀសខ្លួនពីកម្ពុជា នៅសម័យសង្គ្រាម តាំងពីទស្សវត្ស៧០ និង​ទស្សវត្ស៨០ លោកឧកញ៉ា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសហគមន៍របស់ខ្លួន ឲ្យរួបរួមសហការគ្នាបំពេញតួនាទីជាកូនខ្មែរ ដែលរស់នៅក្រោមដំបូលម៉ាឡេស៊ី ដ៏មានតម្លៃ​គុណធម៌ និងត្រូវដឹងគុណជានិច្ចដល់គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលបានពលីលះបង់គ្រប់យ៉ាង តស៊ូសម្រេចបានការបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃនៅទឹកដីកម្ពុជា រក្សា​ការពារបូរណភាពទឹកដី ការធ្វើសុខដមបនីយកម្ម គ្រប់ជាតិសាសន៍ឲ្យរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព សេរីភាព និងការរីកចម្រើន។

បន្ទាប់ពីបញ្ចប់ពិធីសំណាលជាមួយបងប្អូនខ្មែរ នៅរដ្ឋ Selangor​ គណៈប្រតិភូក៏បានបន្តដំណើរប្រមាណជា​១៥០គីឡូម៉ែត្រថែមទៀត គឺទៅកាន់ រដ្ឋ Melaka ដើម្បីសាកសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនខ្មែរ ដែលនៅរដ្ឋមួយនេះ៕