(ប៉ារីស)៖ ប្រជាជនបារាំង​ច្រើនជាងពាក់​កណ្ដាល បានបង្ហាញការ​មិនពេញចិត្ត​ ចំពោះការដឹកនាំ​របស់ប្រធានាធិបតី​បារាំង លោក អែម ម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការ​ស្ទង់មតិរបស់ Ifop poll ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ការស្ទង់មតិ​របស់ Ifop poll ធ្វើឡើងនៅចំពេល ដែលបារាំងបានចូលរួម​ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការវាយ​ប្រហារផ្លូវអាកាស​នៅស៊ីរី និងបាតុកម្មតវ៉ាទាម​ទារឱ្យរដ្ឋាភិបាល លោក ម៉ាក្រុង ធ្វើកំណែទម្រង់​លើវិស័យ​ការងារ។ ការស្ទង់មតិនេះ​ដដែល​បានឱ្យដឹង​ដូច្នេះថា «ប្រជាជន​បារាំង ៥៥ភាគរយ បានបង្ហាញ​ពីការមិនពេញ​ចិត្ត​របស់ពួកគេ​ ចំពោះការ​ដឹកនាំរបស់​លោក ម៉ាក្រុង។ ដោយក្នុងនោះ នៅពេលត្រូវ​បានសាកសួរថា តើអ្នក​ពេញចិត្ត ឬមិនពេញចិត្ត​លោក ម៉ាក្រុង ជាប្រធានាធិបតី​បារាំង? មានតែ ​៤៤ភាគរយ​ប៉ុណ្ណោះ​ឆ្លើយថា «ពេញចិត្ត» ក្នុងនោះ ០៥ភាគរយ ពេញចិត្តខ្លាំង​បំផុត និង៣៩ភាគរយពេញ​ចិត្តធម្មតា ខណៈ​២៣ភាគរយ​ទៀតថា មិនពេញចិត្តបំផុត និង ៣២ភាគរយមិនពេញចិត្ត»។

គួរបញ្ជាក់ថា ការសិក្សា​ខាងលើ ត្រូវបានធ្វើឡើងលើ​មនុស្សជិត ២,០០០នាក់ តាមរយៈបណ្ដាញ​អនឡាញ និងទូរស័ព្ទដៃ​ពីថ្ងៃទី១២ ដល់ថ្ងៃទី ២១ ខែមេសា ហើយត្រូវ​បានចេញផ្សាយ​ដោយ​សារព័ត៌មានបារាំង Le Journal du Dimanche៕