(ព្រុចសែល)៖ ធនាគារស្តុក​ទឹកកាមរបស់បុរស​ ដ៏ធំជាងគេបំផុត​លើកលោក​នាពេលថ្មីៗនេះ បានស្នើយ៉ាង​ទទូចដល់​សហភាពអឺរ៉ុប (EU) ឲ្យ​បង្កើនការបើកទូលាយ និង​ផ្តល់ភាព​ងាយស្រួលជាងមុន​ ដល់អ្នកដែលមាន​បំណងចង់​បរិច្ចាគស្ពែម (Sperm) ក្រោមគោលដៅ​​ធ្វើឲ្យ​អាត្រាបង្ក​​កំណើត ​នៅក្នុងទ្វីបនេះ​​មានសន្ទុះ​ឡើងវិញ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​​ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ​២០១៨។

បើតាម​តួលេខ​ដែលផ្តល់ឲ្យដោយ​ ទីភ្នាក់ងារស្ថិតិរបស់ EU «Eurostat» ​អាត្រាបង្កកំណើតថ្មី​បាន និងកំពុងថយចុះជា​បន្តបន្ទាប់ ចាប់ពី​ពាក់​​កណ្តាល​​​ទស​វត្សរ៍​៦០ រហូតឈានចូលមកដល់​​សត​វត្សរ៍​ទី ២១​នេះ នៅតាមបណ្តា​ប្រទេសនានា​ ដែលជាសមាជិក​របស់សហភាព​អឺរ៉ុប។ Eurostat បាន​ឲ្យ​ដឹងថា កាលពីឆ្នាំ២០១៥ អត្រាមានកូនសរុប​នៅប្លុកដែលមាន​សមាជិក ២៨ ប្រទេសនេះ គឺ ១.៥៨នាក់​ប៉ុណ្ណោះ​សម្រាប់ស្រ្តីម្នាក់។

ឆ្លើយតបទៅនឹង​អត្រាដ៏គួរឲ្យបារម្ភនេះ ធនាគារស្ពែម​នៅទូទាំងទ្វីបអឺរ៉ុប កំពុងតែអំពាវនាវ​ឲ្យ EU ធ្វើការពិចារណា​កែប្រែបទបញ្ញតិបច្ចុប្បន្ន​របស់ខ្លួន ដើម្បីបង្កើនអត្រាកំណើត និងបញ្ឈប់ការធ្លាក់ចុះនៃចំនួនប្រជាជន។​ គួរជម្រាបថា បើតាមជំនួប​រយៈពេលខ្លីរវាងមន្រ្តី​នៃគណៈកម្មការ​អឺរ៉ុប និងធានាគារ​ស្ពែមធំជាងគេ​លើ​ពិភពលោក Cryos International កំណើនប្រជាជន​នៅ EU បានថយចុះ ហើយការបង្កើន​អត្រាកំណើត​ គឺជាអាទិភាពខ្ពស់​បំផុតមួយ។ ម៉្យាងវិញ​ទៀត គោលដៅនេះ នឹងត្រូវ​ជួយ​ជ្រោមជ្រែង​ដោយ​ការ​បង្កើនភាព​ងាយស្រួល​ សម្រាប់នីតិវិធី​នៃការបរិច្ចាគ​ស្ពែម៕