​(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាខូម ធើនបាយ (Malcolm Turnbull) បានដឹកនាំរដ្ឋាភិបាល​របស់លោក​ ឆ្ពោះទៅរកភាព​ខ្លាំងក្នុង​រយៈពេល ១៨ខែមកនេះ ដោយទទួល​បានលទ្ធផលយ៉ាង​ល្អ​ក្នុងការស្ទង់មតិ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ការស្ទង់មតិ​ធ្វើឡើងដោយ Newspoll ចេញផ្សាយ​នៅថ្ងៃចន្ទនេះ បានរកឃើញ​ថា រដ្ឋាភិបាលគ្រប់គ្រង​ដោយគណបក្ស​សេរីនិយមជាតិ (​LNP) របស់​លោក Malcolm Turnbull បានបិទបញ្ចប់​គម្លាត​ដាច់ឆ្ងាយ​ពីគណបក្ស​ពលករអូស្រ្តាលី (ALP) ដែលជាគណបក្ស​ប្រឆាំងដ៏ធំ បំផុតនៅក្នុង​ប្រទេស។ យោងតាមការ​ស្ទង់មតិដដែល ​ការនាំមុខ​របស់ ALP លើ LNP បានថយចុះមកវិញជាច្រើនភាគរយ បើធៀបនឹង​កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយដែល នេះគឺ​ជាលទ្ធផល​ដ៏ល្អបំផុត​​សម្រាប់​គណបក្ស LNP គិតចាប់តាំងពី​ការបោះឆ្នោតកាល​ពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា ការចេញផ្សាយលទ្ធផល​ស្ទង់មតិនេះ ធ្វើឡើងតែពីរសប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពីលោក Malcolm Turnbull និយាយថា លោកមានការជឿជាក់​ថា លោកនឹងនៅ​តែអាចដឹកនាំ​គណបក្ស LNP ឆ្ពោះទៅរកជ័យជម្នះ​ក្នុងការបោះឆ្នោត​នៅឆ្នាំ២០១៩ ខណៈ​មានការសន្និដ្ឋាន​ជាច្រើនថា លោកនឹងត្រូវជួបគូប្រជែង​ដ៏មានឥទ្ធិពលម្នាក់មកពី​គណបក្សអភិរក្ស​និយម៕