(ហាណូយ)៖ កងកម្លាំង​ការពារព្រំដែន នៃប្រទេស​វៀតណាម បានចាប់ខ្លួនជនជាតិ​ឡាវម្នាក់​អាយុ ៦២ឆ្នាំ ពីបទលួចរត់ពន្ធគ្រឿងញៀន​ដូចជា មេតំហ្វេតាមីនចំនួន ៤០គីឡូក្រាម, ថ្នាំញៀន​​កែច្នៃ​ចំនួន ១២០,០០០គ្រាប់ និងម្សៅហេរ៉ូអ៊ីនចំនួន​ពីរកញ្ចប់ធំ ដែលសរុបជាង​ទឹកប្រាក់​គឺប្រមាណជា ៨៨៥,០០០ដុល្លារ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

បុរសជនជាតិ​ឡាវខាងលើនេះ ត្រូវបានចាប់ឃុំឃាំង​ជាបណ្តោះអាសន្ន នៅឯតំបន់ព្រំដែន​វៀតណាម កាលពីសប្តាហ៍មុននេះ​បន្ទាប់ពីរូបគេបានព្យាយាម​ដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់​ព្រំដែន ដើម្បីមកប្រគល់ដល់​ដៃឈ្មួញជាជនជាតិ​វៀតណាម។ នេះបើតាម​សម្តីរបស់​មន្ត្រីការពារ​ព្រំដែន នៃខេត្ត​សុនឡា (Son La) របស់ប្រទេស​វៀតណាម នៅថ្ងៃ​ចន្ទនេះ។

គួរបញ្ជាក់ថា ចំនួននៃ​ការចាប់បានគ្រឿង​ញៀន​មេតំហ្វេតាមីន ដែលលួចនាំ​ចូលមកក្នុង​ប្រទេស​វៀតណាម កាន់តែមាន​ការកើន​ឡើង ដោយសារតែ​គ្រឿងញៀន​ប្រភេទនេះ គឺត្រូវបាន​ផលិតឡើង​​ក្នុងទ្រង់ទ្រាយធំ​នៅតំបន់ត្រីកោណ​មាស​រវាងព្រំដែន ឡាវ ថៃ និងមីយ៉ាន់ម៉ា ដោយមានតម្លៃ​ទាបផងដែរ។ នេះបើតាម​ការបញ្ជាក់ពី​មន្ត្រីជំនាញ​វៀតណាម៕