(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានកត់សម្គាល់​ថា យើងត្រូវការពេលវេលាយូរទៀត ដើម្បីបិទបញ្ចប់​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែលោកថា​បំណង​របស់កូរ៉េខាងជើង​ ក្នុងការបោះបង់​ចោលអាវុធ​នុយក្លេអ៊ែរ ជារឿងដ៏អសា្ចរ្យ​សម្រាប់​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ថ្លែងកាលពី​ថ្ងៃអាទិត្យ នៅលើ Twitter ដែលជាប្រព័ន្ធ​ទំនាក់ទំនងសង្គម​សំណព្វចិត្ត​របស់ខ្លួន លោក ត្រាំ បានគូសបញ្ជាក់​ដូច្នេះថា «យើងនៅឆ្ងាយ​ណាស់ពីការសនិ្នដ្ឋាន​លើកូរ៉េខាងជើង ព្រោះថា​វាអាចនឹងទទួលបាន​លទ្ធផលល្អ ឬក៏អាចនឹងមាន​លទ្ធផល​មិនល្អ​។ ប៉ុន្តែការងារ​ដែលខ្ញុំកំពុង​ធ្វើបច្ចុប្បន្ន គួរតែត្រូវបាន​ដោះស្រាយតាំងតែ​ពីយូរណាស់​មកហើយ»

គួររំលឹកថា កាលពី​ថ្ងៃសៅរ៍កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបញ្ឈប់ការ​ធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រម​ទាំងបិទ ទីតាំងសាកល្បង​អាវុធនុយក្លេអ៊ែរ​មួយផងដែរ នៅមុខជំនួប​រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដែលគ្រោង​នឹងប្រព្រឹត្ត​ទៅនៅខែឧសភា ឬនៅដើម​ខែមិថុនា ខាង​មុខនេះ៕