(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយ​ជាសាធារណ​ថា សហរដ្ឋអាមេរិក បារាំង រួមទាំងសម្ព័ន្ធ​មិត្តរបស់ខ្លួន មិនគួរចាកចេញ​ពីប្រទេស​ស៊ីរីឡើយ ក្រោយជម្លោះ​បញ្ចប់ ប៉ុន្តែត្រូវនាំគ្នា​កសាងប្រទេសស៊ីរី​ថ្មីមួយជា​មុនសិន។ នេះបើ តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today នៅ​ព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើងបែបនេះ​របស់ លោក ម៉ាក្រុង ធ្វើឡើងនៅ​ក្នុងបទសម្ភាសន៍​ជាមួយ ស្ថានីយ​ទូរទស្សន៍អាមេរិក Fox News ចេញផ្សាយ​កាលពី ថ្ងៃអាទិត្យ។ ថ្លែងនា​ឱកាសនោះ ប្រធានាធិបតី​បារាំងរូបនេះ​បានលើកឡើង​យ៉ាងដូច្នេះថា «យើងត្រូវតែ​កសាងប្រទេស​ស៊ីរីថ្មីមួយ ក្រោយ​ពីសង្រ្គាមបញ្ចប់ (...) នៅថ្ងៃដែល​យើងបញ្ចប់សង្រ្គាមនេះ​ប្រឆាំងនឹងពួក ISIS ហើយយើង​ចាកចេញពី​ស៊ីរី ដោយមិនគិត​ពីទស្សន​នយោបាយ នោះមានន័យថា យើងនឹងបើក​ផ្លូវឱ្យ បាស្សា អាល់អាសាដ (ប្រធានាធិបតី​ស៊ីរី) និង​របបអ៊ីរ៉ង់ បង្កសង្រ្គាម​និងបង្កើតពួកភេរវករ​ថ្មីតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាម​លោក ម៉ាក្រុង សហរដ្ឋអាមេរិក​មានតួនាទីយ៉ាង​សំខាន់ ក្នុងវត្ថុបំណង​កសាងប្រទេស​ស៊ីរីថ្មី ប៉ុន្តែលោក​យល់ថា វាមិនមែនផ្ដោត​សំខាន់លើកងកម្លាំង​អាមេរិក​ ដោយស្វ័យប្រវត្តិ​នោះទេ តែគឺផ្ដោតលើ​គោលនយោបាយ​ការទូតអាមេរិក និងប្រធានាធិ​បតី​អាមេរិក លោក ដូណាល់ ត្រាំ។ សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន ពួកគេ បានដឹកនាំប្រតិបត្តិការ​យោធាវាយប្រហារ​តាមផ្លូវអាកាស​ នៅ​ក្នុងប្រទេសស៊ីរី​កាលពីឆ្នាំ២០១៤ ដើម្បីគាំទ្រក្រុម​ឧទ្ទាមស៊ីរីប្រឆាំង​នឹងពួក ISIS។ ចំណែកឯ ទីក្រុងដាម៉ាស់​បានចោទថា វាជា​សកម្មភាព​រំលោភលើដែន​អធិបតេយ្យភាព និងបូរណភាព​ទឹកដីស៊ីរី ព្រមទាំងធ្វើ​ឡើងដោយគ្មាន​ការអនុញ្ញាត៕