(តូក្យូ)៖ ស្ត្រីជនជាតិជប៉ុន ដែលមានអាយុចាស់ជាងគេនៅលើពិភពលោក គឺលោកយាយ Nabi Tajima បានទទួលមរណភាព ហើយក្នុងវ័យ១១៧ឆ្នាំ។ នេះបើតាមក្រុមមន្ត្រីជប៉ុន ដកស្រង់ដោយសារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨។

យោងតាមក្រុមមន្ត្រីជប៉ុន លោកយាយ Nabi Tajima បានទទួលមរណភាពដោយភាពចាស់ជរា កាលពីថ្ងៃសៅរ៍ នៅក្នុងមន្ទីរពេទ្យ មួយកន្លែង ស្ថិតនៅឯទីក្រុង Kikai ភាគខាងត្បូងប្រទេសជប៉ុន ក្រោយចំណាយពេលសម្រាកព្យាបាលចាប់តាំងពីខែមករាមក។ លោកយាយ Tajima កើតនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩០០ ហើយត្រូវបានគេរាយការណ៍ថាមានកូនចៅជំនាន់ក្រោយច្រើនជាង ១៦០នាក់ ព្រមទាំងបានក្លាយជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក ក្រោយការទទួលមរណភាពរបស់ លោកយាយ Violet Brown រស់នៅក្នុងប្រទេសចាម៉ៃកា ក្នុងវ័យ១១៧ឆ្នាំដូចគ្នា។

គួរបញ្ជាក់ថា កាលពីដើមខែមេសា​ កន្លងទៅ Guinness World Records បានទទួលស្គាល់លោកតា Masazo Nonaka រស់នៅ ភាគខាងជើងប្រទេសជប៉ុនគឺជាបុរសមានវ័យចំណាស់ជាងគេនៅលើពិភពលោក ហើយក៏គ្រោងទទួលស្គាល់លោកយាយ Nabi Tajima ជាមនុស្សចាស់ជាងគេនៅក្នុងលោកផងដែរ៕