(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃសៅរ៍នេះ បានសាទរចំពោះការសម្រេចចិត្តរបស់កូរ៉េខាងជើង ក្នុងការផ្អាកការធ្វើតេស្តអាវុធ​នុយ​ក្លេ​អ៊ែរនិងមីស៊ីលផ្លោង និងបានស្នើឲ្យកូរ៉េខាងត្បូងក៏ដូចជាសហរដ្ឋអាមេរិក កាត់បន្ថយសកម្មភាពយោធារបស់សម្ព័ន្ធមិត្តទាំងពីរនេះ ដើម្បី​ឆ្ពោះទៅរកការសម្រេចបានដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងដូច្នេះថា «យើងចាត់ទុកការសម្រេចចិត្តនេះថា គឺជាការបោះជំហានដ៏​សំខាន់មួយ សំដៅទៅរកការបន្ធូរបន្ថយភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ និងទៅរកការពង្រឹងនិន្នាការវិជ្ជមានៗ ដើម្បីធ្វើឲ្យស្ថានការណ៍​នៅតំបន់អាស៊ីឦសាននេះមានភាពប្រសើរឡើងវិញ»។ ក្រៅពីនេះទីក្រុងម៉ូស្គូ បានឆ្លៀតឱកាសស្នើ​ដោយ​ទទូច​ឲ្យ​​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង ចាត់វិធានការឆ្លើយតប​ឲ្យ​ស្រប​តាម​ការសម្រេច​ចិត្តចិត្ត​របស់កូរ៉េខាងជើង តាមរយៈការគិតគូរ រឿង​កាត់​បន្ថយ​សកម្មភាព​យោ​ធា​នៅ​ក្នុងតំបន់ជាដើម។

គួរជម្រាបថា ក្រសួងការបរទេសរុស្ស៊ី ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងជើង នឹងអាចសម្រេចបាននូវការព្រម​ព្រៀងគ្នាដែលទទួលយកបានទាំងសងខាងជាមួយកូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺរវាងកូរ៉េទាំងពីរ និងរវាងសហ​រដ្ឋអាមេរិកនិងកូរ៉េខាងជើង។

សម្រាប់កិច្ចប្រជុំអន្តរកូរ៉េ លោក គីម ជុងអ៊ុន និង លោក មូន ជែអ៊ីន ត្រូវគេកំណត់ថានឹងជួបពិភាក្សាទល់មុខ​គ្នាជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា ពោលគឺថ្ងៃសុក្រសប្តាហ៍ក្រោយ នៅឯភូមិ Panmunjom ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរ ខណៈជំនួបរវាងលោក ត្រាំ និង​លោក គីម នៅមិនទាន់ត្រូវបានកំណត់ពេលវេលនិងទីតាំងច្បាស់លាស់ដដែល ដោយគេគ្រាន់តែដឹងថា​កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាង​ជើង ទំនងជានឹងប្រព្រឹត្តទៅនាអំឡុងចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ៕