(ឡាកូស)៖ មនុស្សយ៉ាងហោច​ណាស់ ៣០នាក់ បានស្លាប់ និងរាប់សិប​នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍​បាញ់រះយ៉ាង​កម្រោល បង្កឡើងដោយ​ក្រុមឧទ្ទាម​ ឬឃាតកស្ថិតនៅ​ក្នុងរដ្ឋ Zamfara ភាគពាយ័ព្យ​ប្រទេស​នីហ្សេរីយ៉ា ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ក្រុមឃាតក​ខាងលើនេះ គឺស្ថិតនៅក្នុង​សង្កាត់ Danmani និង Kabaro នៃរដ្ឋ​ខាងលើនេះ ដោយធ្វើការបាញ់រះ​ក្នុងតំបន់នេះ តាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ហើយរយៈពេល​បីថ្ងៃគិតត្រឹម​ថ្ងៃសៅរ៍នេះ មនុស្សសរុប ៣០នាក់​សុទ្ធសឹងតែជា​ប្រជាជនស្លូតត្រង់ ត្រូវបានពួកខ្មាន់​កាំភ្លើងទាំងនោះសម្លាប់ និងរាប់សិប​នាក់ទៀត​រងរបួស។

គួរបញ្ជាក់ថា បើតាមប្រភព​ពីមន្ត្រីក្នុងតំបន់​ប្រាប់មក ស៊ីនហួ​ ប្រជាជន​នៅក្នុងតំប​ន់ដែលរង​ការវាយប្រហារ ស្ថិតភាគពាយ័ព្យ​ប្រទេសនីហ្សេរី​យ៉ា​នោះ បាននាំក្រុម​គ្រួសារ​ពួកគេភៀសខ្លួន​ចេញយ៉ាងច្រើន​សន្ធឹកសន្ធាប់ទៅហើយទៅកាន់តំបន់​ផ្សេង​ទៀត ដែលមាន​សុវត្ថិភាព ដោយសារតែពួកគេខ្លាច​ទទួលរងករណី​សម្លាប់រង្គាល ដ៏សាហាវ​យង់ឃ្នង​ខាងលើនេះ៕