(ប៉េកាំង)៖ ឆ្លើយតបទៅ​នឹងដំណឹងដ៏ល្អ​ពីកូរ៉េខាងជើង ចិនដែលជា​សម្ព័ន្ធមិត្តដ៏ធំ​ និងតែមួយគត់របស់ប្រទេស​ឯកោមួយ​នេះ ក៏បាន​ចូលរួម​សម្តែងការស្វាគមន៍​ចំពោះការសម្រេច​ចិត្ត​របស់ លោក គីម ជុងអ៊ុន ក្នុងការផ្អាក​កម្មវិធី​នុយក្លេអ៊ែរ-មីស៊ីលផ្លោង របស់របបដឹកនាំ​ទីក្រុង​ព្យុង​យ៉ាង​ផងដែរ។ នេះបើតាម​សម្តីអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង (Lu Kang) ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

លោក Lu បាន​និយាយថា ចិនជឿជាក់ថា​ការសម្រេចរបស់​កូរ៉េខាងជើង នឹងជួយបន្ធូរបន្ថយភាពតាន​តឹងនៃស្ថានការណ៍ ហើយ​ជួយលើក​កម្ពស់ទិដ្ឋភាព​នៃការរំសាយ​អាវុធនុយក្លេអ៊ែរ ចេញពីតំបន់​ឧបទ្វីបកូរ៉េ ព្រមទាំងដោះ​ស្រាយតាមផ្លូវ​នយោបាយ​ នូវបញ្ហានានានៅក្នុង​​តំបន់​នេះ។ អ្នកនាំ​ពាក្យរូបនេះ បានបន្ត​ទៀតថា ប្រទេស​ចិនគាំទ្រ​ចំពោះកូរ៉េខាងជើង ព្រមទាំងប្រទេស​នានា​ដែលពាក់ព័ន្ធ ដើម្បីដោះស្រាយ​​​បញ្ហារៀងៗខ្លួន​របស់ពួកគេ តាមរយៈកិច្ចសន្ទនា​ និងការប្រឹក្សា ដើម្បីលើក​កម្ពស់ទំនាក់​ទំនងរវាង​គ្នា​និងគ្នា។

ម៉្យាងវិញទៀត បើតាម​លោក Lu Kang ទីក្រុងប៉េកាំងក៏​សង្ឃឹមផងដែរថា គ្រាប់ភាគីទាំង​អស់ដែលពាក់ព័ន្ធ នឹងយល់ព្រម​សម្របសម្រួល​គ្នា ហើយចាត់វិធានការ​ជាក់ស្តែង និងខិតខំប្រឹងប្រែង​សម្រេចឲ្យបាននូវ​សន្តិភាពយូរអង្វែង ព្រមទាំងការ​អភិវឌ្ឍរួមនៅក្នុងតំបន់ ហើយចិននឹង​​នៅតែបន្តដើរតួនាទី​យ៉ាងសកម្ម​ក្នុងបញ្ហានេះ។

គួរជម្រាបថា យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង នឹងផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ​ និង​​គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ចាប់ពីថ្ងៃទី២១ ខែមេសានេះតទៀត ហើយខ្លួនក៏នឹងសម្រេចបិទមូលដ្ឋាន​ធ្វើតេស្ត​​មួយ​ នៅ​ភាគខាងជើង​​ប្រទេស​ផងដែរ៕