(ញូយ៉ក)៖ ឧត្ដមស្នងការ​ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បាននិយាយថារដ្ឋាភិបាល​ស៊ីរី គួរតែអនុញ្ញាត​ឱ្យក្រុមមន្ត្រី​របស់លោក​ ចូលទៅក្នុង​ប្រទេស​ស៊ីរី បើពុំដូច្នោះទេ​គ្មាននរណាម្នាក់​ជឿឡើយ​ លើអ្វីដែល​ទីក្រុងដាម៉ាស់​បាន​អះអាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Sputnik កាលពី​ថ្ងៃព្រហស្បតិ៍ លោក Zeid Ra’ad Al Hussein បានគូស​បញ្ជាក់​ដូច្នេះថា «យើងមានទំនាក់ទំនង​យ៉ាងទូលំទូលាយ​ជាមួយប្រទេស ដែលយើងនិយាយ​ទៅកាន់​ដោយផ្ទាល់។ ដូច្នេះហើយដូចគ្នា​ទៅនឹងបណ្ដា​ប្រទេស​ដទៃ ទីណាដែលយើង​មិនអាចចូលទៅបាន យើងនឹងស្នើសុំចូល​ទៅដល់ទីនោះ។ ម្យ៉ាងវិញទៀត បើសិនជា​រដ្ឋាភិបាលស៊ីរី​ចង់ឱ្យយើង ជឿលើអ្វីដែលពួក​គេបាននិយាយ ពួកគេគួរតែអនុញាត​ឱ្យយើងចូលទៅក្នុង​ប្រទេសស៊ីរី ហើយបើពួកគេ​មិនអនុញ្ញាតទេ នោះខ្ញុំមិន ជឿឡើយចំពោះ​អ្វីដែលពួកគេ​បាននិយាយ»។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមេសា ក្រុមឧទ្ទាមស៊ីរី​បានអះអាងថា​ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់​អាវុធគីមីវាយប្រហារ​លើ​ខ្លួន​នៅក្នុងទីក្រុងឌួម៉ា ដោយផ្ដាច់ជីវិត​មនុស្សច្រើន​ជាង ៧០នាក់។ មិនតែប៉ុណ្ណោះវា​ក៏បានជំរុញផងដែរ​ ឱ្យសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ដឹកនាំការវាយប្រហារ​មីស៊ីលលើមូលដ្ឋានទ័ព​ស៊ីរី នៅក្នុង​ទីក្រុងហូម៕