(សេអ៊ូល)៖ កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបាន​ព្រមព្រៀងគ្នា​បើកខ្សែទូរស័ព្ទ​បន្ទាន់ (Hotline) រវាង​ប្រធានាធិបតី កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន និងមេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ដែលនឹងត្រូវ​ជួបពិភាក្សាគ្នា​ជាប្រវត្តិសាស្ត្រ នៅ​សប្ដាហ៍ក្រោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

យោងតាមវិមាន​ប្រធានាធិតី​កូរ៉េខាងត្បូង ខ្សែទូរស័ព្ទ​បន្ទាន់នេះ​ត្រូវបានបង្កើត​ឡើងរវាងការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae និងការិយាល័យ​កិច្ចការរដ្ឋ​កូរ៉េខាងជើង ដែលគ្រប់គ្រង​ដោយលោក គីម ជុងអ៊ុន។ ជាមួយគ្នានោះ​ក្រុមមន្ត្រីនៃការិយាល័យ Cheong Wa Dae ក៏បានឱ្យ​ដឹងដែរថា ខ្សែទូរស័ព្ទបន្ទាន់នេះ​អាចនឹងជួយបន្ធូរបន្ថយ​ភាពតានតឹង​ នៅលើឧបទ្វីបកូរ៉េ ត្បិតជម្លោះ និងភាពតាម​តានតឹងរវាង​កូរ៉េទាំងពីរ​ នៅតាមតំបន់ព្រំដែននា​ពេល​កន្លងមក ក៏បង្កឡើង​ដោយការ​យល់ច្រឡំ និងខ្វះ​ទំនាក់ទំនង។

គួរបញ្ជាក់ថា លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នា​ក្នុងកិច្ចប្រជុំកំពូល​អន្តរកូរ៉េ​ នៅឯតំបន់គ្មានយោធានៃទឹកដី​កូរ៉េខាងត្បូង​នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ មុននឹងលោក គីម គ្រោងនឹង​ជួបពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ខែឧសភា ឬនៅ​ដើមខែមិថុនា៕