(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានប្រកាសថា យុទ្ធសាស្រ្តថ្មី​របស់ខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិការ​នៅតំបន់សមុទ្រ​ទឹកកកអាក់ទិច (ប៉ូលខាងជើង​) នឹងត្រូវដាក់ចេញ​នៅររដូវក្តៅ​នាឆ្នាំ២០១៨ (ចន្លោះអំឡុងចុង​ខែមិថុនា និងខែសីហា) ដើម្បីឆ្លើយតប​ចំពោះការស្ថានភាព​កាន់តែយាប់យឺន​​ នៃ​ការរលាយ​ផ្ទៃទឹកកក​នៅទីនោះ ដែលជាកត្តា​ចម្បងមួយ មិនអាច​ទប់ស្កាត់បាន​ទៀតឡើយ។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ​២០១៨។

មេបញ្ជាការទ័ពជើងទឹក​អាមេរិក លោក Richard Spencer បានប្រាប់ក្រុមអ្នក​សារព័ត៌មានថា កងទ័ព​ជើងទឹក ត្រូវការ​ធ្វើកំណែប្រែ​យុទ្ធ​សាស្រ្ត​តំបន់​អាក់​​ទិចរបស់ខ្លួន ដែលត្រូវបាន​ប្រើប្រាស់បន្តមក​ទល់ពេលនេះ ​តាំងតែពី​០៤ឆ្នាំមុន ពីព្រោះថា​បញ្ហាបម្រែបម្រួល​អាកាសធាតុ​លើ​សា​កលលោក​បាន និងកំពុងបង្កឲ្យ​ផ្ទាំងទឹកកនៅ​សមុទ្រដ៏ត្រជាក់នេះ រលាយក្នុងកម្រិត​គួរឲ្យបារម្ភ​ខ្លាំង។

ជាមួយគ្នា​នេះ លោក Spencer ក៏បានសង្កត់ធ្ងន់​ផងដែរថា ការកើនឡើង​នៃសកម្មភាព​របស់រុស្ស៊ី នៅក្នុងតំបន់​អាក់ទិច គួរតែត្រូវ​ផ្តោតការ​យកចិត្តទុក​ដាក់ឲ្យបាន​ហ្មត់ចត់បន្តិច។ បើតាម​លោក Spencer រុស្ស៊ីកំពុងត្រួសត្រាយ​បង្កើតផ្លូវធ្វើដំណើរមួយ​ខ្សែប្រវែង ៣.៦គីឡូម៉ែត្រ​នៅ​ទីនោះ ក្រោមហេតុផល​បង្កើនកិច្ចប្រឹងប្រែង​ ក្នុងសមត្ថភាពរុករក និងជួយសង្រ្គោះ។

គួរជម្រាបថា ខណៈក្រសួងការពារជាតិ​អាមេរិក បានដាក់ចេញយុទ្ធសាស្រ្ត​ការពារជាតិ ដែលមានភាពកោងកាច​ជាងមុននោះ គោលនយោ​បាយថ្មី​សម្រាប់តំបន់​មហាសមុទ្រ​ទឹកកកអាក់ទិច ត្រូវគេរំពឹងថា នឹងដើរតាម​ទំនោរដូចគ្នា។ ម៉្យាងវិញទៀត កងកម្លាំងការពារ​ដែនសមុទ្រ​​អា​មេរិក ក៏បានដាក់សំណើ​បំពាក់ប្រព័ន្ធមីស៊ីល​ប្រដេញ​ប្រឆាំងនាវា នៅលើនាវាបំបែក​ទឹកកករបស់ខ្លួន​ផងដែរ ខណៈដែលកងម៉ារីន​ចំនួន​ ៣០០នាក់ ត្រូវបានគេអះអាង​កំពុងធ្វើការហ្វឹកហាត់​នៅក្នុងប្រទេស​ន័រវែស ដើម្បីសិក្សាពី​ការប្រយុទ្ធក្រោម​អាកាស​ធាតុ​ត្រជាក់៕