(ប៉េកាំង)៖ យន្ដហោះមាន​សមត្ថភាពទម្លាក់គ្រប់បែក​នុយក្លេអ៊ែរធុន H-6K នៃកងទ័ព​រំដោះប្រជាជន​ចិន បានដឹកនាំការ​ធ្វើសមយុទ្ធ​យោធាល្បាត ហោះឆ្វែល​ជុំវិញកោះ​តៃវ៉ាន់ ជាសារព្រមាន​មួយផ្ញើជូនរដ្ឋាភិបាល​ទីក្រុងតៃប៉ិ កុំស្រមៃចង់​បានឯករាជ្យពីចិន​ដីគោក ដោយអាង​លើ​សម្ព័ន្ធភាពមិនផ្លូវការជាមួយ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

ជុំវិញសមយុទ្ធ​យោធានេះដែរ ក្រសួងការពារជាតិ​កោះតៃវ៉ាន់ បានអះអាង​កាលពីថ្ងៃព្រហស្បតិ៍​ថា យន្ដហោះ H-6K ចំនួនពីរ​គ្រឿងបាន ហោះឆ្វែលពី​លើច្រក​សមុទ្រ Miyako ឆ្ពោះទៅកាន់​ភាគខាងជើង​កោះតៃវ៉ាន់ មុននឹងហោះហើរ​ទៅកាន់ភាគ​ខាងត្បូង និងឆ្លងកាត់​តំបន់ទឹក Bashi។ លើសពីនេះ​ទៅទៀត ទីក្រុងតៃប៉ិ ក៏បានថ្កោលទោស​ផងដែរ ចំពោះ​​សមយុទ្ធ​យោធា​​​នេះ​​​ដោយចាត់ទុកថា វាគឺជា ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់​សន្តិសុខកោះរបស់ខ្លួន។

តែទោះជា​យ៉ាងនេះក្ដី ក្រុមមន្រ្តីចិនបាន​បញ្ជាក់ជាមួយ​ការព្រមានថា វាគ្រាន់តែជាសមយុទ្ធយោធា​បែបធម្មតា​តែប៉ុណ្ណោះ។ «សកម្មភាពទាម​ទារ​ឯករាជ្យ​ គឺជាការគំរាមកំហែង​ដ៏ធំដល់សន្តិសុខ​សមុទ្រ​ នៅច្រកសមុទ្រ​តៃវ៉ាន់។ ដូច្នេះគ្មាន​កម្លាំង និងគ្មាន​នរណាម្នាក់ អាចបំផ្លាញ​ដល់ដំណោះស្រាយ និងសមត្ថភាព​យោធាដ៏រឹងមាំ​របស់យើង ក្នុងការការពារ​ដែន​អធិបតេយ្យភាព និងបូរណភាព​ដែនដី​បានជាដាច់ខាត»។ នេះគឺជាលើកឡើង​របស់អ្នកនាំពាក្យ​ការិយាល័យចិន​ ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang)៕