(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា ទំនាក់ទំនាក់រឹង​មាំ និងប្រកបដោយ​ស្ថិរភាពរវា​​មហាយក្សចិន និងមហាអំណាចអាមេរិក​នាពេលកន្លង​មកនេះ បានចូលរួមចំណែក​យ៉ាងវិជ្ជមាន​ក្រៃលែង ទៅក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូច​ជាពិភពលោក​ទាំងមូល​តែម្តង។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ​២០១៨។

ថ្លែងនៅអំឡុង​ព្រឹត្តិការណ៍មួយ ដែលរៀបចំឡើង​នៅក្នុងសាកលវិទ្យាល័យ​អាមេរិក Harvard លោក Cui បានលើក​ឡើងថា «ចំណងការទូត​​ និងកិច្ចសហប្រតិបត្តិការ​រយៈពេល​៤០ឆ្នាំមកនេះ បានបម្រើដល់​ផលប្រយោជន៍ជាច្រើន​ និងយ៉ាងប្រសើរ​នៃប្រទេសទាំងពីរ។ ក្រៅពីអត្ថប្រ​យោជន៍​ទ្វេភាគីទាំងអស់ ដែលពួកយើង​ទទួលបានពីទំនាក់ទំនងនេះ យើងក៏បាន​ឃើញមានលទ្ធផល​វិជ្ជមានល្អៗ ទៅលើតំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក និងពិភពលោក​ទាំងមូល​ផងដែរ។

បើតាម លោក Cui ចិននិងសហរដ្ឋអាមេរិក មានផលប្រយោជន៍ និងការទទួល​ខុសត្រូវរួមគ្នា ក្នុងការថែរក្សា​សន្តិភាព និងស្ថិរភាពសកល​លោក ព្រមទាំងលើក​កម្ពស់កំណើន​សេដ្ឋកិច្ច និងវិបុលភាព​ជាដើម ដោយលោកបាន​លើកឡើងថា វាគឺជាការទទួល​ខុសត្រូវរបស់ប្រទេស​ទាំងពីរ​ចំពោះសហគមន៍​អន្តរជាតិ។

ជាមួយគ្នានេះ លោក Cui បានទទូច​ឲ្យសហរដ្ឋអាមេរិក បោះបង់ចោល​គំនិតសង្រ្គាមត្រជាក់​យកឈ្នះយក​ចាញ់គ្នា ដែលអាច​បំផ្លិចបំផ្លាញ​ទំនាក់ទំនង​ទ្វេរភាគី។ ពាក់ព័ន្ធនឹង​ភាពតានតឹង​ផ្នែកពាណិជ្ជកម្មនាពេលថ្មីៗ​នេះ​វិញ​រវាង​ចិន និង​អាមេរិក លោក Cui បានដាស់​តឿនថា សង្រ្គាម​ពាណិជ្ជកម្ម នឹងពុំបម្រើដល់​វត្ថុបំណងមានអត្ថន័យ​ណាមួយឡើយ ហើយផ្ទុយមកវិញ​នឹងបំផ្លាញវិស័យពាណិជ្ជកម្ម​ឲ្យខ្ទេចខ្ទីរ​តែម្តង​។

គួរជម្រាបថា ភាពតានតឹងក្នុង​វិស័យពាណិជ្ជកម្ម​ចិន-អាមេរិក បានជួប​បញ្ហា​រកាំរកូស​ក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយនេះ ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោន បានគំរាមបង្កើន​ថ្លៃពន្ធលើទំនិញ​របស់ចិន ដែលមានតម្លៃសរុប​ប្រមាណ ១០០ពាន់លានដុល្លារ ក្រោយពីបានស្នើ​ដំឡើង​ពន្ធក្នុង​អត្រា​យ៉ាងខ្ពស់ លើការនាំចូល​ទំនិញ​របស់ចិន ដែលមានតម្លៃ​សរុបប្រហែល​ ៥០ពាន់លានដុល្លារ​រួចហើយ​នោះ៕