(​ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវជាថ្មី​ឱ្យពិភពលោក​ ងើបឡើងប្រឆាំង​នឹងអ៊ីរ៉ង់ ដែល​លោក​ផ្ទាល់ចាត់ទុកថា​ ជាសភាវៈអាក្រក់ និងជាសត្រូវរបស់​មនុស្ស​គ្រប់គ្នា។ លោក Netanyahu ថ្លែង​បែបនេះ នាឱកាសប្រារព្ធខួបឆ្នាំទី ៧០ នៃទិវាឯករាជ្យជាតិរបស់​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

«អ៊ីរ៉ង់គឺជាសត្រូវ​របស់យើងទាំងអស់គ្នា ជាសត្រូវរបស់​អ៊ីស្រាអែល ពិភពអារ៉ាប់ និងអរិយ្យធម៌»។ នេះជាការលើក​ឡើងរបស់​លោក Netanyahu នៅឯវិមាន​ប្រធានាធិបតី​កាលពី​ថ្ងៃព្រហស្បតិ៍។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដែលកំពុងជាប់ផុង​ក្នុងរឿង​អាស្រូវពុក​រលួយរូបនេះ បន្តយ៉ាងដូច្នេះថា «អ៊ីរ៉ង់បាននិយាយ​ដោយចំហ ពីការបំផ្លាញ​អ៊ីស្រាអែល។ អ៊ីរ៉ង់កំពុង​ឡោមព័ទ្ធតំបន់​មជ្ឈិមបូព៌ា ហើយចង់​ក្រសោបយកតំបន់នេះ​ទាំងមូល។ ពួកគេបានបាញ់​គ្រាប់រ៉ុក្កែតលើ​ទីក្រុងរីយ៉ាដ និង​អារ៉ាប៊ីសាអូឌីត និងកំពុងគ្រប់គ្រង​ប្រទេសលីបង់ ព្រមទាំងដុត​បញ្ឆេះភាពតានតឹង​នៅក្នុងតំបន់ហ្គាសា និងអ៊ីរ៉ាក់។ ចំណែកឯនៅស៊ីរីវិញ ពួកគេកំពុង​ព្យាយាម​បង្កើតមូលដ្ឋានទ័ព ដូច្នេះប្រទេស​ស្រឡាញ់សន្តិភាព​ទាំងអស់​ គួរតែងើបឡើង​ប្រឆាំងនឹង​អ៊ីរ៉ង់»

គួរបញ្ជាក់ថា លោក Benjamin Netanyahu ក៏បានជំរុញផងដែរ​ឱ្យបណ្ដា​ប្រទេសនានា ផ្លាស់ប្ដូរស្ថានទូត​របស់ខ្លួនទៅកាន់​ទីក្រុង​ហ្សេរុយសាឡឹម ហើយលោក​បាន​អរគុណដល់​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ សម្រាប់ការផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិកទៅ​កាន់ទីក្រុងមួយនេះ ​ដែលប៉ាឡេស្ទីន អះអាងថា ជារបស់ខ្លួនផងដែរនោះ៕