(តេហេរ៉ង់)៖ មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានឈប់ប្រើប្រាស់​កម្មវិធីផ្ញើសារ Telegram ដែល​ជាកម្មវិធី មួយមានប្រជាប្រិយភាព​យ៉ាងខ្លាងំ​នៅក្នុងចំណោម​ប្រជាជនអ៊ីរ៉ង់ និងមានប្រភពមកពីរុស្ស៊ី ក៏ព្រោះតែកម្មវិធីនេះ​ត្រូវបាន​ទទួលស្គាល់ថា មានប្រព័ន្ធ​សុវត្ថិភាពខ្ពស់​បំផុត។ នេះបើតាម​ការផ្សាយរបស់គេហទំព័រអ៊ីរ៉ង់ khamenei.ir ដកស្រង់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

យោងតាម​គេហទំព័រខាងលើនេះ ការសម្រេចចិត្ត​របស់លោក Khamenei គឺធ្វើឡើងដើម្បី​ថែរក្សា​ផលប្រយោជន៍ជាតិ និងលុបចោល​បំបាត់នូវភាព​ផ្ដាច់មុខរបស់ Telegram។ ដោយឡែក​ជុំវិញបញ្ហា​នេះដែរ លោក Abdolsamad Khorramabadi លេខាធិការ នៃក្រុមអាជ្ញាធរ​ឃ្លាំមើលឧក្រិដ្ឋកម្ម​តាមប្រព័ន្ធអ៊ីនធឺណែត ក៏បាននិយាយកាល​ពីអង្គារដែរថា វានៅមានលក្ខខណ្ឌ​ជាច្រើនទៀត ដែលកម្មវិធី​ផ្ញើសារ​​បរទេស​ទាំងអស់​ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ ដោយ​អនុឡោមតាមច្បាប់​របស់អ៊ីរ៉ង់។

លោក Khorramabadi បន្តទៀតថា លក្ខខណ្ឌដែលកម្មវិធីផ្ញើសារ​បរទេសទាំងអស់ ត្រូវ​អនុវត្តមុនគេ​គឺទទួលបានការ​អនុញ្ញាតពីក្រសួង​ព័ត៌មាន និងបច្ចេកវិទ្យា ទូរគមនាគមន៍​អ៊ីរ៉ង់ជាមុនសិន ហើយមិនតែ​ប៉ុណ្ណោះ ក៏ត្រូវធានាឱ្យ​បានផងដែរថា​ ព័ត៌មានផ្ទាល់ខ្លួន​របស់ប្រជាជន​អ៊ីរ៉ង់ មិនត្រូវបាន ប្រើប្រាស់​ដោយ​ជនទីបី។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី០៣ ខែមករា អាជ្ញាធរអ៊ីរ៉ង់​ធ្លាប់បានព្រមាន​ឱ្យ Telegram ទប់ស្កាត់សកម្មភាព​ញុះញង់ឱ្យមានបាតុកម្មតវ៉ា ប្រឆាំងនឹង​រដ្ឋាភិបាលលោក ហាសាន់ រូហានី បើពុំដូច្នោះទេអ៊ីរ៉ង់​នឹងបិទកម្មវិធីផ្ញើសារ​មួយនេះទាំង​ស្រុង។ កាលពីពេលថ្មីៗនេះ បណ្តាញសង្គម Telegram ប្រកាសថា ខ្លួនមានអ្នកប្រើប្រាស់សរុបជាង ២០០លាននាក់​ហើយ​នៅទូទាំងសកលលោក ជាពិសេស​នៅក្នុងប្រទេស​រុស្ស៊ី ដែលទឹកដីកំណើត​នៃកម្មវិធីផ្ញើសារជាអក្សរ វីដេអូ សំឡេង និងរូបភាព​​ដ៏ពេញនិយម​មួយនេះ៕