(ឡាហាវ៉ាន់)៖ ប្រធានាធិបតីគុយបា​ ដែលបានសម្រេច​ចុះចេញពី​អំណាច លោក រ៉ាអ៊ូល ខាស្ត្រូ (Raul Castro) បានសម្តែងពី​ទំនុកចិត្តយ៉ាងមុតមាំ​របស់​លោក​ថា មេដឹកនាំជំនាន់​ក្រោយនៃប្រទេស​ដីកោះនេះ នឹងបន្តដើរតាម​គន្លងផ្លូវនៃបដិវត្តន៍​សង្គមនិយម ដែលត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ លោក ហ្វីឌែល ខាស្ត្រូ (Fidel Castro) កាលពី​ឆ្នាំ​១៩៥៩។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

លោក Raul Castro បានលើក​ឡើងថា «ការបោះឆ្នោត​ជ្រើសរើស​លោក ឌីយ៉ាស់ ខាណែល (Diaz-Canel) ជាមេដឹកនាំថ្មី​របស់គុយបា គឺពុំមែនជារឿង​ចៃដន្យ​​ឡើយ ហើយយើងជឿជាក់ថា លោក Diaz-Canel នឹងទទួលបាន​ជោគជ័យ​នៅក្នុងតួនាទី​របស់ខ្លួន ដោយសារតែ​គុណធម៌ បទពិសោធន៍ និង​ការប្តេជ្ញាចំពោះ​កាតព្វកិច្ច​របស់លោក។ ពាក់ព័ន្ធនឹង​​​អនុប្រធានាធិបតីទីមួយថ្មី​របស់គុយបា លោក សាល់វ៉ាឌ័រ វ៉ាល់ឌែស មេសា (Salvador Valdes Mesa) វិញ​អតីតមេដឹក​នាំ​គុយបា លោក Raul Castro បានថ្លែងកោតសរសើរមិនដាច់​ពីមាត់​ចំពោះ​​ការខិតខំ​ប្រឹងប្រែង​ បំពេញកិច្ចការ​របស់លោក​ក្នុងរយៈពេល​ជា​ច្រើនឆ្នាំ​មកនេះ។

គួរជម្រាបថា សម្រាប់​ប្រធានាធិបតីថ្មីរបស់​គុយបា លោក Diaz-Canel វិញ​បាន​បញ្ជាក់ថា គោលនយោបាយ​ការបរទេស​គុយបា នឹងមិន​មានការ​ផ្លាស់ប្តូរ​ឡើយ ដោយសារតែទីក្រុង​ឡាហាវ៉ាន់ មិនធ្វើតាមការ​ទាមទាររបស់​នរណាម្នាក់ និងមិនចរចា​ពីគោលការណ៍​របស់ខ្លួន ឬ​ក៏​ទទួលយក​ការដាក់សម្ពាធ​ណាមួយ​ឡើយ៕