(សេអ៊ូល) ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន (Moon Jae-in) បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង​បាន​បោះ​បង់ចោលនូវការ​ទាមទារ​ជាយូរមកហើយ​របស់ខ្លួន ដែលតម្រូវឲ្យ​មានការដក​កងទ័ព​សហរដ្ឋអាមេរិក ចេញពីទឹកដី​​កូរ៉េខាងត្បូង ដើម្បីជាការ​ដោះដូរនឹងការដកហូត​អាវុធនុយក្លេអ៊ែររ​បស់ខ្លួន។ នេះបើការចេញផ្សាយដោយ CNN ដែលត្រូវបានដកស្រង់នៅព្រឹក ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។

​សហរដ្ឋអាមេរិក មានកងទ័ពប្រមាណ ២៨,០០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវាជាកង្វល់ក្នុងចិត្ត​ជាយូរមកហើយ សម្រាប់មេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងស្មារតីដែលកំពុងវិវឌ្ឍន៍យ៉ាងល្អ ទៅមុខនៃស្ថានភាព និងការទូត, លោក មូន បានលើកឡើងថា លោក គីម គឺមានបំណងក្នុងការបោះបង់ចោល​នូវការទាមទាររបស់ខ្លួន ដែលតម្រូវ​ឲ្យកងទ័ព​សហរដ្ឋអាមេរិក ចាកចេញពីទឹកដី​កូរ៉េខាងត្បូង ដែលវាជា​លក្ខខណ្ឌជាមុន​សម្រាប់ការ​ពិភាក្សាស្តីពីការ​លុបបំបាត់​​ អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីបកូរ៉េ។

​ថ្លែងនៅក្នុងកិច្ចប្រជុំ​ជាមួយថ្នាក់ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ លោក មូន បានលើកឡើងថា «កូរ៉េខាងជើង​បានបង្ហាញបំណង ក្នុងការបោះ​បង់ចោល នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមិនភ្ជាប់ឡើយ​ជាមួយលក្ខខណ្ឌ​ ដែលសហរដ្ឋអាមេរិក​មិនអាច​ទទួលបាន​ក្នុងនោះរួម មានទាំងការទាមទារ​​ឲ្យដកកងទ័ព​​សហរដ្ឋអាមេរិក ចេញពីឧបទ្វីប​​កូរ៉េជាដើម»។ លោកបន្ថែមថា សំណើរឲ្យដក​កងទ័ពចេញ គឺជាលក្ខខណ្ឌមួយ​ដែលសហរដ្ឋអាមេរិក​​មិនអាចទទួល​យកបាន។

គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងជួប​ជាមួយ​លោក គីម ជុងអ៊ុន នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ​សម្រាប់កិច្ចប្រជុំ​កំពូលជា​ប្រវត្តិសាស្ត្រ នៅក្នុងតំបន់ព្រំដែន​គ្មានយោធា ដែលបែងចែក​រវាង​កូរ៉េទាំងពីរ។ ជាងនេះទៅ ទៀតបើសិន​ជាគ្មានអ្វី​ប្រែប្រួល លោក គីម នឹងក្លាយជា​មេដឹកនាំកូរ៉េខាងជើង​ដំបូងគេ​បំផុតក្នុងប្រវត្តិសាស្ត្រ​កូរ៉េសម័យ​ទំនើប ដែលយកជើងជាន់ដី​កូរ៉េខាងត្បូង។

តែយ៉ាងណាក៏ដោយ លោក ដូណាល់​ ត្រាំ បានប្រកាសថា លោកនឹងមិនចូលរួម ឬក៏ដើរចេញពីកិច្ចប្រជុំកំពូលជាមួយនឹងលោក គីម ជុងអ៊ុន ភ្លាមៗ បើសិនជាកិច្ចប្រជុំនោះមិនមានលទ្ធផលអ្វីទេនោះ៕