(ប៉េកាំង)៖ អង្គភាពទ័ពអាកាស​ នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានដឹកនាំ​ការធ្វើសមយុទ្ធយោធា​បាញ់គ្រាប់ពិត នៅឯតំបន់ឆ្នេរ​ភាគអាគ្នេយ៍ នៃប្រទេស ស្របពេលកំពុង​មានភាពតាន​តឹង​ជាមួយ​កោះ​តៃវ៉ាន់ ពាក់ព័ន្ធនឹងគំរោង​ទិញយន្ដហោះចម្បាំង​ ពីសហរដ្ឋអាមេ​រិក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

យោងតាម​ស៊ីនហួរ សមយុទ្ធយោធានេះ​ត្រូវបានធ្វើឡើង​នៅឯទីក្រុង ក្វាន់ចូវ (Quanzhou) កាលពីថ្ងៃពុធ ដោយចាប់ផ្ដើម​ពីម៉ោង ០៨៖០០នាទីព្រឹក រហូតដល់ពាក់​កណ្ដាលយប់ថ្ងៃដដែល។ ម្យ៉ាងវិញទៀត សមយុទ្ធយោធានេះ​ទៀតសោត ត្រូវបានអ្នកវិភាគមើលឃើញថា គឺជាការឆ្លើយ​តបដោយផ្ទាល់​ ទៅនឹងការបង្ករឿង​ដោយមេដឹកនាំ​កោះតៃវ៉ាន់ ពាក់ព័ន្ធនឹងទង្វើ​ដែលរដ្ឋាភិបាល​ទីក្រុងប៉េកាំងចោទ​ប្រកាន់ថា ជាសកម្មភាពញុះញង់​ឱ្យដែនកោះ​មួយនេះ ទាមទារឯករាជ្យ​ ដោយផ្ដាច់ខ្លួនពី​ចិនដីគោក ខណៈទីក្រុង​ប៉េកាំងតែងតែ​អះអាង​ច្បាស់ៗថា តៃវ៉ាន់គ្រាន់តែជាខេត្ត​មួយ​របស់ចិនប៉ុណ្ណោះ។​

តែទោះជាយ៉ាងនេះក្ដី យោធាចិន​បានអះអាងថា សមយុទ្ធយោធា​នេះ​ធ្វើឡើងជាទម្លាប់​ធម្មតាដូចរាល់ឆ្នាំ​តែប៉ុណ្ណោះ បើទោះបីជាកោះ​តៃវ៉ាន់ បានថ្កោលទោស និងចាត់ទុកថា​ ចិនកំពុងធ្វើសកម្មភាព​គំរាមកំហែង​ ដល់សន្តិសុខជាតិ​របស់តៃវ៉ាន់​ក៏ដោយ៕