(វ៉ាស៊ីនតោន)៖ មុននឹងជំនួបផ្លូវការជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបាន​ធ្វើឡើង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន​ទុកឱ្យហើយថា លោកនឹងដើរចេញ​ពីកិច្ចប្រជុំ​ភ្លាមៗ បើសិនជាកិច្ចចរចា​នោះ មិនលេចចេញ​ជាផ្លែផ្កាអ្វីទេ​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់​លោក ដូណាល់​ ត្រាំ ធ្វើឡើងនៅ​ក្នុងសន្និសីទ​សារព័ត៌មានរួមគ្នា​ ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន ហ្សូអាបេ ក្នុងរដ្ឋផ្លូរីដា​កាលពី​ថ្ងៃពុធ។ ថ្លែងនាឱកាស​នោះ លោក ត្រាំ បានគូស​បញ្ជាក់​ដូច្នេះថា «ខ្ញុំសង្ឃឹមថា វានឹងមាន​កិច្ចប្រជុំប្រកប​ដោយ​ផ្លែផ្កា ប៉ុន្តែបើ​ខ្ញុំយល់ថា កិច្ចប្រជុំនោះ​មិនមានផលប្រយោជន៍​អ្វីទេ​នោះ យើងនឹងមិន​ចូលរួម​ឡើយ ហើយបើ​សិនជាខ្ញុំ​ចូលរួមក្នុង កិច្ចប្រជុំតែ​គ្មានលទ្ធផល ខ្ញុំនឹងដើរចេញពី​កិច្ចប្រជុំ​នោះភ្លាម»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ គ្រោងនឹងជួប​ពិភាក្សា​ជាមួយ លោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនា​ខាងមុខនេះ ដើម្បីពិភាក្សាគ្នា​ស្ដីពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧ​បទ្វីបកូរ៉េ ខណៈជំនួប​កំពូលអន្តរកូរ៉េ​រវាងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និង​លោកគីម ជុងអ៊ុន នឹងត្រូវធ្វើឡើង​នៅ​ថ្ងៃទី២៧ ខែមេសា នេះ៕