(ដាម៉ាស់)៖ ក្រុមអង្កេត​រក​អាវុធគីមី នៃអង្គការហាម​ប្រាមការ​ប្រើ​អាវុធគីមី​អន្តរជាតិ OPCW ត្រូវបាន​អនុញ្ញាត​​ឲ្យចូលទៅកាន់សង្កាត់ ឌួម៉ា (Douma) ជាយទីក្រុង​ដាម៉ាស់​នោះហើយ ដើម្បីពិនិត្យ​មើល​ទីតាំង ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេស​​សម្ព័ន្ធចោទ​ថា រដ្ឋាភិបាលស៊ីរី​បាន​បើកការវាយប្រហារ​​ដោយអាវុធគីមី ដែលបានសម្លាប់​​មនុស្ស​សរុប​ជាង ៤០នាក់ កាលពី​ថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​​​សារព័ត៌មាន BBC នាព្រឹក​ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។

បើតាមការអះអាង​ព័ត៌មានបន្ថែមទៀត ក្រុមអង្កេតមក​ពីអង្គការ OPCW បានទៅដល់​​ប្រទេសស៊ីរីនេះ​​តាំងតែពីថ្ងៃសៅរ៍​​សប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែពួកគេមិនត្រូវ​បាន​អនុញ្ញាត​ឲ្យចូលទៅកាន់​តំបន់ ឌួម៉ា នោះឡើយស្របពេល​ដែល​អាមេរិក និងបណ្តា​ប្រទេសសម្ព័ន្ធ​ផ្សេងទៀត បានបើកការវាយប្រហារ​នៅជាយទីក្រុងដាម៉ាស់ នៅពេលទៀបភ្លឺ​ថ្ងៃ​សៅរ៍នោះ​តែម្តង។

ទោះបីជាមិនទាន់ដឹង​ការពិតថាយ៉ាងណា​ក៏ដោយ ក៏សហរដ្ឋអាមេរិក បានដឹកនាំ​សម្ព័ន្ធមិត្តធំៗ​របស់ខ្លួនដូចជា បារាំង និងអង់គ្លេស ធ្វើការវាយប្រហារ​ទៅលើបីទីតាំង​នៅជាយ​ទីក្រុងដាម៉ាស់ ដោយចោទថា ជាទីតាំងដែល​របបដឹកនាំ​ស៊ីរីរបស់ លោក បាសា អាល់ អាហ្សាដ ធ្វើការផលិត និងស្តុកទុក​អាវុធគីមី។

ជុំវិញបញ្ហានេះប្រទេសរុស្ស៊ី និងស៊ីរី បានអះអាង​ដដែលជាដដែលថា ពុំមានការប្រើប្រាស់​អាវុធគីមីអ្វីនោះឡើយ ដោយរឿង​នេះគឺជាការ​ប្រឌិតឡើងដោយ​អាមេរិក​ប៉ុណ្ណោះ។ ហេតុដូច្នេះ​អ្វីៗគ្រប់យ៉ាង​នឹង​បានដឹង​ច្បាស់ ក្រោយពីក្រុម​ជំនាញ​នៃអង្គការ OPCW ធ្វើការពិនិត្យ​រកដាន​អាវុធគីមី ដែលអាចនៅសេសសល់​នៅក្នុងសង្កាត់ ឌួម៉ា ជាយទីក្រុង​ដាម៉ាស់នោះ៕