(ម៉ូស្គូ)៖ សកម្មភាព​បំពានច្បាប់នានា ដូចជាការវាយប្រហារ​ដោយក្រុម​សម្ព័ន្ធមិត្ត​អាមេរិក ទៅលើប្រទេស​ស៊ីរីកាលពីពេលថ្មីៗនេះ នឹងបំផ្លាញ​​នូវទំនាក់ទំនង​ជា​លក្ខណៈអន្តរជាតិ​​តែម្តង ដោយសារតែវា​ជាការបន្តរំលោភបំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ (UN) ម្តងហើយ​ម្តងទៀត។ នេះបើតាម​​សម្តី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​ត្រូវបាន​​ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។

ការថ្លែងរបស់​លោក ពូទីន ខាងលើនេះធ្វើឡើង​ក្នុងជំនួបសន្ទនា​តាមទូរស័ព្ទ ជាមួយប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួហានី ដើម្បីពិភាក្សា​អំពីបញ្ហាស៊ីរី ដែលទើបតែរង​ការវាយប្រហារ​យ៉ាងដំណំ ពីសំណាក់​សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ដែលជាការឆ្លើយតប​ទៅនឹងអ្វីដែលបណ្តា​ប្រទេសលោកខាងលិច បានចោទមក​លើរបបដឹកនាំ​ស៊ីរីថា បានប្រើប្រាស់​អាវុធគីមី នៅសង្កាត់ឌួម៉ា ជាយទីក្រុង​ដាម៉ាស់ និងបានសម្លាប់​មនុស្ស​សរុបជាង ៤០នាក់ កាលពីថ្ងៃទី០៧ ខែមេសា។

សេចក្តីថ្លែងការណ៍​ពីវិមានក្រឹមឡាំង បានបញ្ជាក់ពី​សម្តីលោក ពូទីន យ៉ាងដូច្នេះថា «ប្រសិនបើ​សកម្មភាពរំលោភ​បំពាន លើធម្មនុញ្ញអង្គការ​សហប្រជាជាតិ នៅតែម្តង​កើតមាន​ដដែលជាដដែល​ទៀតនោះ វាប្រាកដ​ណាស់ថា នឹងជម្រុញ​ឲ្យមាន​ភាព​កោលាហល នៅក្នុងទំនាក់ទំនង​ជាលក្ខណៈអន្តរជាតិ​ជាក់​ជាមិនខាន»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​ម្សិលមិញនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានព្រមានទៅកាន់របបដឹកនាំស៊ីរីសា​ជាថ្មីថា ការវាយប្រហា​បែប​ដូច្នេះ​​ នឹងកើតមាន​ឡើងបន្ថែមទៀត ប្រសិនបើ​របបដឹកនាំស៊ីរី មិនព្រមលះ​បង់ចោល​អាវុធគីមី។ បន្ថែមពីនេះ​​សេចក្តីព្រាងថ្កោល​ទោស​អាមេរិក​ រៀបចំឡើង​ដោយរុស្ស៊ី ក៏ត្រូវបាន​ក្រុម​ប្រឹក្សា​សន្តិសុខ UN ច្រានចោល​ទាំង​ស្រុង​ផងដែរ៕