(យូអិន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធំៗពីរ​ប្រទេសទៀត បានដឹកនាំ​ការ​​វាយប្រហារទៅ​លើប្រទេសស៊ីរី ដោយចោទប្រកាន់រឿង​ប្រើប្រាស់អាវុធគីមី សម្លាប់​ប្រជាជនខ្លួនឯងជាង ៤០នាក់ កាលពីជាងមួយសប្តាហ៍មុន បានបង្ខំឲ្យក្រុមប្រឹក្សា​សន្តិសុខ UN កោះប្រជុំបន្ទាន់ នៅថ្ងៃសៅរ៍ (ពេលវេលានៅ​ទីក្រុងញូយ៉ក)។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំដ៏កម្របំផុត​នាថ្ងៃសៅរ៍ចុង​សប្តាហ៍បែបនេះ គឺត្រូវបាន​ធ្វើឡើងតបតាម​អំពាវនាវ​របស់រុស្ស៊ី ១៤ម៉ោង​ក្រោយពី​ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ដឹកនាំ​ការវាយប្រហារ​ដោយទម្លាក់​គ្រាប់បែក និងបាញ់មីស៊ីល​ស្រោចលើ​ប្រទេសស៊ីរី​ ហើយថែមទាំងបានអះអាងថា សម្ព័ន្ធមិត្តទាំងបីបានវាយកម្ទេចទីតាំងផលិត និងស្តុកទុកអាវុធ​គីមី​មួយចំនួន នៅជាយទីក្រុងដាម៉ាស់ទៀតផង។

ការវាយប្រហារ​ទាំងមូលគឺធ្វើឡើង ក្រោយពីមាន​សេចក្តីរាយការណ៍ កាលពីជាង​មួយសប្តាហ៍​មុននេះថា របបដឹកនាំ​លោក អាស្សាដ បានប្រើប្រាស់​អាវុធគីមី វាយប្រហារ​ទៅលើសង្កាត់ ឌួម៉ា ជាយទីក្រុង​ដាម៉ាស់ ដោយបាន​សម្លាប់មនុស្ស​ក្មេងចាស់ប្រុសស្រី​សរុបជាង ៤០នាក់ នៅថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ ខណៈដែល​អង្គការហាមប្រាម​ការប្រើប្រាស់​អាវុធគីមី OPCW មិនទាន់ទាំងបាន​ទៅធ្វើការ​ពិនិត្យភាពជាក់​លាក់អំពីរឿងនេះ ទៅតាមការស្នើ​សុំ​ផងនោះ។

ជុំវិញហេតុការណ៍​ដ៏ក្តៅគគុកនេះដែរ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស បានត្រឹមតែ​សម្តែងការព្រួយបារម្ភ និងអំពាវនាវឲ្យ​គ្រប់ភាគីពាក់ព័ន្ធ​គោរព​ចំពោះច្បាប់​ UN នៅពេលត្រូវដោះស្រាយ​បញ្ហាផ្សេងៗ។ លោក ហ្គួទែរែស បាន​សង្កត់ធ្ងន់ថា «ធម្មនុញ្ញ​នៃអង្គការសហប្រជាជាតិ ពិតជាបានចែងយ៉ាង​ច្បាស់​​លាស់​ខ្លាំងណាស់ អំពីបញ្ហា​ទាំងនេះ ជាពិសេស​គឺការដោះស្រាយបញ្ហានានា​ ​ដើម្បីសន្តិភាព និងសន្តិសុខ​ ពីសំណាក់រដ្ឋជា​សមាជិកទាំងអស់»

ទោះបីជា​បែបនេះក្តី កិច្ចប្រជុំក្រុមប្រឹក្សា​សន្តិសុខ ស្តីអំពីការថ្កោលទោស​​ការវាយ​ប្រហារដោយ​យោធា ទៅលើប្រទេស​ស៊ីរី ដែលរុស្ស៊ី​អះអាងថា ជារឿងបំពាន​ច្បាប់​អន្តរជាតិយ៉ាង​ធ្ងន់ធ្ងរបំផុត ដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស​នោះ នូវ​តែត្រូវបរាជ័យ​មិនអាចសម្រេចចេញ​បាន នូវសំឡេងគាំទ្រ​ចំនួន ០៩ ក្នុងចំណោម​សមាជិកទាំង ១៥ របស់ UNSC នេះបានឡើយ។

បន្ថែមពីនេះបើទោះបីជាសម្រេច​សំឡេងគ្រប់ក៏ដោយ បើក្នុងនោះមានការ​ ជំទាស់ ឬ Veto ពីសមាជិកណាមួយ នៃសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៅក្នុងស្ថាប័ន​ដ៏មាន​អំណាចបំផុតនៅ UN រួមមានរុស្ស៊ី ចិន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកនេះ ក៏ក្តីសង្ឃឹមនៃការសម្រេចការថ្កោលទោសនេះ មិនអាចកើត​មានទៅរួចនោះ​ដែរ។

ជាក់ស្តែងប្រទេស​ដែលគាំទ្រការថ្កោលទោស​នេះ​មានតែ រុស្ស៊ី បូលីលី និងចិន​ប៉ុណ្ណោះ ខណៈបួនប្រទេស​ទៀតដូចជា អេក្វាតូរៀ ហ្គីណេ, អេត្យូពី, កាហ្សាក់ស្ថាន និងប៉េរូអវត្តមាន ហើយ​ដោយឡែកសមាជិកចំនួន ០៨ទៀត គឺគាំទ្រ​អាមេរិកតែម្តង៕