(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jeang-Yves Le Diran បាននិយាយ​នៅថ្ងៃសៅរ៍នេះថា ការវាយប្រហារដោយគ្រាប់មីស៊ីល​របស់សម្ព័ន្ធមិត្ត ទៅលើ​ប្រទេសស៊ីរី គឺជារឿងស្របច្បាប់, មានព្រំដែនកំណត់ និងសមាមាត្រ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់បារាំង​ខាងលើនេះបាន​បន្តទៀតថា «នៅក្នុងកិច្ច​សហការជាមួយ​សហរដ្ឋអាមេរិក និងចក្រភព​អង់គ្លេស កងកម្លាំងទ័ពអាកាស​បារាំង បានធ្វើការ​វាយប្រហារទៅទីតាំង​ផលិតអាវុធ​គីមីស៊ីរី ចំនួនពីរទីតាំង​ឯណោះទាំងយប់។ ការ​វាយប្រហារនេះ ប្រទេសបារាំងមានគោលដៅ​ទៅរកមូលដ្ឋានរបស់​​ប្រធានាធិបតីស៊ីរី បាសា អាល់ អាស្សាដ មិនមែនជន​ស៊ីវិលស៊ីរីនោះទេ»

អ្នករាយការណ៍​ព័ត៌មានថា AFP ដែលឈរជើងនៅ​ទីក្រុងដាម៉ាស់​​បានអះអាងថា សំឡេងផ្ទុះយ៉ាង​កក្រើក​ត្រូវបានលាន់លឺ​នៅជុំវិញរដ្ឋធានីមួយនេះ ចាប់ពីវេលាម៉ោង ៤៖០០នាទី​ទៀបភ្លឺថ្ងៃសៅរ៍ អមដោយសំឡេង​យន្តហោះ​ចម្បាំង ហោះរំលងពី​លើក្បាល​តែម្តង។ បន្ថែមពីនេះផ្សែង​ហុយខ្មួលខ្មាញ់ ក៏ត្រូវប្រទះ​ឃើញ​នៅភាគ​ខាងជើង និងខាងកើតទីក្រុងមួយនេះ​ថែមទៀត។

ដោយឡែក​សារព័ត៌មានរដ្ឋស៊ីរី ក៏បានចេញផ្សាយអំពី​ស្ថានការណ៍​នេះដែរ និងបាន​បញ្ជាក់ថា ប្រព័ន្ធការពារ​ដែនអាកាស​ត្រូវបានដាក់ពង្រាយ ដើម្បីការពារ​ការ​វាយប្រហារមិន​ឲ្យកើតមាន​បន្ថែមទៀត នៅទីក្រុងដាម៉ាស់។ ជុំវិញ​ទីក្រុង Homs ឯណោះវិញ​ស៊ីរី​បានអះអាងថា គ្រាប់មីស៊ីល​មួយចំនួន ដែលហោះ​សំដៅ​ទៅវាយប្រហារ​ទីក្រុងនេះ ត្រូវបាន​បាញ់​​ទម្លាក់រួចហើយ។

បន្ថែមពីនេះទីក្រុង Aleppo នៅភាគខាងជើង, Hasakeh នៅភាគឦសាន, និង Latakia ព្រមទាំង Tartus នៅតំបន់​ឆ្នេរសមុទ្រភាគខាងកើត ត្រូវបាន​ការពារ​ជា​ប្រចាំដោយ​មូលដ្ឋានទ័ពស៊ីរី និងរុស្ស៊ី ដោយមិនទាន់​មានការវាយ​ប្រហារ​កើតមាន​ឡើងនោះ​ឡើយ។ ការវាយប្រហារនេះ កើតមានឡើងតែមួយ​សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ស៊ីរីបានប្រើអាវុធគីមីសម្លាប់​មនុស្ស​ស្លូត​ត្រង់ ៤០នាក់ នៅតំបន់ហ្គួតា ហើយប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បាន​ប្រកាសចាត់​ការស៊ីរី ទោះបីអង្គការ​សហប្រជាជាតិ​មិនព្រម​ក៏ដោយ៕