(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ​អង្គការ​សហប្រជាជាតិ (UN) លោកស្រី នីកគី ណាឡេយ (Nikki Haley) បានព្រមានថា សហរដ្ឋអាមេរិក​នឹងធ្វើ សកម្មភាព​ប្រឆាំងនឹងរដ្ឋាភិបាល​ស៊ីរី ទោះបី​ជាមាន ឬមិនមានការ​ផ្ដល់ជំនួយ​ពី UN ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅ​រសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅចំពោះ​មុខក្រុមប្រឹក្សា​សន្តិសុខ​កាលពីថ្ងៃចន្ទ លោកស្រី​ទូតអាមេរិក ក៏បានបន្ទោស​រុស្ស៊ីផងដែរថា​ ជាអ្នកកាង​នៅពីក្រោយ និង​មានចេតនា​បណ្ដោយឱ្យមាន​ការប្រើប្រាស់​អាវុធគីមី ប្រឆាំងនឹងជនស៊ីវិល​នៅក្នុងប្រទេស​ស៊ីរី។ លោកស្រី Haley បានគូស​បញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុង​បង្ហាញលើស​ពីរូបភាព​ នៃទារកដែល​បានស្លាប់ និងអំពាវនាវ​ឱ្យមានមសិកា​ឡើងវិញ ស្របពេល​យើងបានដើរ ដល់ពេល​វេលាពិភពលោក​ត្រូវតែឃើញ​យុត្តិធម៌ ខណៈរុស្ស៊ី​កំពុងគាំទ្រ​បិសាច អាស្សាដ ដែលបាន​និងកំពុង​សម្លាប់ កុមារតូចៗ​ដោយ​អាវុធគីមី»

យ៉ាងណា​ក៏ដោយ អគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ UN​ លោក វ៉ាស្ស៊ីលី ណេបិនស្យ៉ា (Vassily Nebenzia) បានច្រានចោល​ការចោទប្រកាន់​របស់លោកស្រី Haley ព្រមទាំងព្រមាន​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសលោកខាងលិច​ថា នឹងត្រូវទទួលរង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ បើសិន​ជាហ៊ានប្រើប្រាស់កម្លាំងយោធា​ ​ប្រឆាំងនឹង​របបស៊ីរី។

«បច្ចុប្បន្ន អ្នកដឹងយ៉ាងច្បាស់អី្វដែល​អ្នកកំពុងធ្វើ។ ទីណាក៏ដោយ​ឱ្យតែមានវត្តមាន របស់អ្នក និងអ្វីគ្រប់យ៉ាង​ដែលអ្នកប៉ះ អ្នកតែងតែបន្សល់​ទុកនូវភាពចលាចល។ អ្នកកំពុងព្យាយាម​ចាប់ត្រីនៅក្នុងទឹក​ល្អក់ ប៉ុន្តែត្រី​ដែលអ្នកចាប់​បានគ្រាន់តែ ជាត្រីចម្លែក​ប៉ុណ្ណោះ»។ នេះគឺជាសារ​របស់លោកទូតរុស្ស៊ី​ ផ្ញើទៅកាន់សហរដ្ឋអាមេរិក​ដែលកំពុង ពិចារណាប្រើប្រាស់​កម្លាំងយោធា​លើ​របបដឹកនាំស៊ីរី។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន ក្រុមអង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី បានសេចក្ដី​រាយការណ៍ថា មនុស្សយ៉ាងហោច​ណាស់ ៦០នាក់​បានស្លាប់ និង ១,០០០នាក់ផ្សេងទៀតបានរងរបួស​ នៅក្នុងការវាយប្រហារ​ដោយអាវុធគីមី​ នៅក្នុងទីក្រុង ឌួម៉ា (Douma) ប្រទេសស៊ីរី។​ ចំណែកឯ សហរដ្ឋអាមេរិក បានចោទថា វាគឺជាស្នាដៃរបស់​កងកម្លាំងរដ្ឋាភិបាល​ស៊ីរី ហើយថា​ នឹងចាត់វិធានការ​ឆ្លើយតបក្នុង​ពេលឆាប់ៗ​នេះ៕