(ហ្សាការតា)៖ អាជ្ញាធរប្រទេស​​ឥណ្ឌូណេស៊ី បានបង្ខំចិត្ត បិទទ្វារ​អាកាសយានដ្ឋាន​មួយកន្លែង​ ជាបណ្តោះអាសន្ន ដែលស្ថិតក្នុងខេត្តអាសេ (Aceh) នាថ្ងៃសៅរ៍នេះ បន្ទាប់ពី​ភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ដែលបានជះ​កម្អែលផេះ​ឡើងពាសពេញ​ផ្ទៃមេឃ នៅឯខេត្ត​ក្បែរខាង គឺខេត្តស៊ូម៉ាត្រា​ខាង​ជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

អ្នកនាំពាក្យ នៃក្រសួងដឹកជញ្ជូន​របស់​ឥណ្ឌូណេស៊ីបានឲ្យដឹងថា សេចក្តីជូនដំណឹង​ស្តីពីការបិទទ្វារ​អាកាសយានដ្ឋាន Alas ​Leuser ត្រូវបាន​ចេញនា​ថ្ងៃសៅរ៍នេះ ហើយហេតុផលនោះ​ គឺដោយសារតែកម្អែល​ផេះភ្នំភ្លើង ខណៈការបិទ​បានចាប់ផ្តើមតាំង​ពីម៉ោង ១២៖៤៧នាទីរសៀល​ និងមិនទាន់ដឹង​ថា បន្តដល់ពេលណា​ឡើយ។

គួរជម្រាបថា ភ្នំភ្លើង Sinabung ដែលជាភ្នំភ្លើង​មួយក្នុងចំណោម​ភ្នំភ្លើងសកម្ម​ទាំង ១២៩ នៅឥណ្ឌូណេស៊ី បានផ្ទុះជះ​កម្អែលផេះ​ឡើង លើ​ផ្ទៃ​អាកាស​រាប់ពាន់ម៉ែត្រ​កាលពី​ថ្ងៃសុក្រ ម្សិលមិញ៕