(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារ​អបអរសាទរ​​ ជូនចំពោះ​លោក វ៉្លាឌីមៀ ពូទីន សម្រាប់​ការបន្ត​ជាប់​ឆ្នោតនៅ​អាណត្តិ​ថ្មីទៀតរបស់​លោក ក្នុងនាមជា​ប្រធានាធិបតីនៃ​សហព័ន្ធរុស្ស៊ី។ នេះបើតាម​សេចក្តីរាយការណ៍​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA នៅល្ងាច​ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងលិខិត​ដែលលោកបាន​ផ្ញើទៅកាន់​លោក ពូទីន កាលពី​ថ្ងៃអង្គារម្សិលមិញ លោក គីម ជុងអ៊ុន បាននិយាយ​យ៉ាងដូច្នេះថា «រូបខ្ញុំសូម​សម្តែងការអបអរ​ដោយស្មោះអស់​ពីចិត្ត ចំពោះលោក សម្រាប់ការ​បន្តជាប់ឆ្នោត​សាជាថ្មីម្តងទៀត ក្នុងនាមជា​ប្រធានាធិបតីរបស់​សហព័ន្ធ​រុស្ស៊ី។ ការជាប់ឆ្នោត​របស់លោក​ ក្នុងនាមជា​ប្រធានាធិបតីនេះ គឺជាការបង្ហាញ​ឲ្យឃើញពី​ការគាំទ្រយ៉ាងពេញ​ទំហឹង ​របស់ប្រជាពលរដ្ឋ​រុស្ស៊ី ព្រមទាំងក្តី​ជឿទុកចិត្តរបស់​ពួកគេ ចំពោះរូប​លោក»

គួរជម្រាបថា លោក ពូទីន កាលពីថ្ងៃ​អាទិត្យកន្លងទៅ ត្រូវបានប្រជាពលរដ្ឋ​រុស្ស៊ី​ភាគច្រើន សម្រេចបោះឆ្នោត​​ជ្រើសរើសឲ្យ​ បន្ត​កាន់​អំណាច​​នៅ​ក្នុង​អាណត្តិ​​ទីបួនរបស់លោកតទៀត ពោលគឺដល់​ឆ្នាំ២០២៤៕