(អ៊ីស្រាអែល)៖ នៅទីបំផុតកងទ័ព​អាកាសអ៊ីស្រាអែល​ បានសារភាព​ជាលើកដំបូងថា ខ្លួនគឺជាអ្នកដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស ដើម្បីកម្ទេច​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​មួយកន្លែង​ សាងសង់ដោយ​កូរ៉េខាងជើង នៅក្នុង​ទីក្រុង ឌែរ អេស ហ្ស័រ (Deir ez-Zor) ប្រទេសស៊ីរី កាលពី​ឆ្នាំ២០០៧។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​ ចេញផ្សាយនៅ​ព្រឹក​ថ្ងៃពុធនេះ កងទ័ពអាកាស​អ៊ីស្រាអែល បានបញ្ចេញ​រូបភាពភស្ដុតាង​ នៃការ​វាយប្រហារកម្ទេច​រ៉េអាក់ទ័រនុយក្លេអ៊ែរ​នោះ ដើម្បីទប់ស្កាត់​កុំឱ្យរដ្ឋាភិបាលស៊ីរី ផលិតអាវុធ​នុយក្លេអ៊ែរ។ កងទ័ពអាកាស​អ៊ីស្រាអែល បានលើក​ឡើង​យ៉ាងដូច្នេះថា «នៅអំឡុងពេល​យប់កាលពី​ថ្ងៃទី៥ ទី០៦ ខែកញ្ញា ឆ្នាំ២០០៧ កងទ័ពអាកាស​អ៊ីស្រាអែល​ បានបំផ្លាញ​រោងចក្រ​នុយក្លេអ៊ែរស៊ីរី ដែលកំពុងស្ថិត​នៅក្នុងដំណាក់​កាលសាងសង់​ចុងក្រោយ​ នៅឯទីក្រុង Deir ez-Zor ប្រទេសស៊ីរី... យន្ដហោះ​ចម្បាំង F-16 ចំនួន ០៤គ្រឿង បានបំផ្លាញរោងចក្រ​នុយក្លេអ៊ែរនេះ មិនមែនដើម្បី​តែសន្តិសុខអ៊ីស្រាអែល​តែម្នាក់ឯង នោះទេ តែក្នុងបុព្វហេតុសន្តិសុខ​នៅក្នុងតំបន់​ទំាងមូល»

គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរី ធ្លាប់បានបដិសេធ​ជាច្រើនដងថា ខ្លួនមិនមានរោងចក្រ​ស្រាវជ្រាវនុយក្លេអ៊ែរ​នោះទេ ហើយថាការ បំផ្លាញរោងចក្រ​ដែល​កងទ័ពអ៊ីសា្រអែល​បំផ្លាញ​នោះ គ្រាន់តែជាមូលដ្ឋានយោធា​កំពុងស្ថិតក្រោម​ការសាងសង់​តែប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ទីក្រុងតែលអាវីល បាន​អះអាងថា វាជារោងចក្រនុយក្លេអ៊ែរ​ចូលរួមសាងសង់​ដោយ​កូរ៉េខាងជើង៕