(ប៉េកាំង)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យ​មានកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត ដើម្បីសម្រេច​នូវវត្ថុបំណង នៃការកសាង​ចិនឱ្យក្លាយជា​ ប្រទេស​សង្គម​និយមដ៏ទំនើប ដែលមានភាព​រុងរឿង រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿន​លឿន សុខដុមនីយកម្ម និង​ស្រស់ស្អាត នៅត្រឹមពាក់​កណ្ដាល​ស.វនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន ចិន​ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

លោក ស៊ី ជិនពីង ធ្វើការកត់​សម្គាល់បែបនេះ នាឱកាសចូលរួម​ក្នុងពិធីបិទ​សម័យប្រជុំ​សភាប្រជាជនចិន នៅថ្ងៃអង្គារនេះ។ លោកបានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងនឹង​បង្កើនថាមពល ហើយចាត់វិធានការ​ជាក់ស្ដែងៗ​នានា ក្នុងការអភិវឌ្ឍ​ប្រជាធិបតេយ្យ សង្គមនិយម ការរក្សាឯកភាព​នៃថ្នាក់ដឹកនាំបក្ស​កុម្មុយនិស្ដចិន ការដឹកនាំប្រទេស​ដោយប្រជាជន និងឈរលើមូលដ្នាន​នីតិរដ្ឋ ដើម្បីលើកកម្ពស់​ប្រព័ន្ធទំនើបកម្ម​របស់ចិន ព្រមទាំងសមត្ថភាព​អភិបាលកិច្ច ភាពរឹងមាំ និងសាមគ្គីភាព....»

បន្ថែមពីលើនេះ ប្រធានាធិបតីចិន​រូបនេះ ក៏បានអំពាវនាវផង​ដែរ ឲ្យមានកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត ដើម្បីសម្រេច​នូវវត្ថុបំណង នៃការកសាង​ចិនឱ្យក្លាយជាប្រទេស​សង្គមនិយម​ដ៏ទំនើប ដែលមាន​ភាពរុងរឿង រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមនីយកម្ម និងស្រស់ស្អាត នៅត្រឹមពាក់​កណ្ដាល​ស.វនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សភាប្រជាជនចិនបានបោះឆ្នោត​គាំទ្រឱ្យលោក ស៊ី ជិនពីង បន្តកាន់ដំណែង​ជាប្រធានាធិបតីចិ​ន ដោយមិនកំណត់​អាណត្តិ ដែលនេះធ្វើ​ឱ្យលោកកា្លយជា​ប្រធានាធិបតីចិន​ ដ៏មានឥទ្ធិពលជាងគេ​បំផុត គិតចាប់​តាំងពី​សម័យ លោក ម៉ៅ សេទុងមក៕