(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) បានផ្ញើសារ​រំលែកទុក្ខយ៉ាង​ក្រៀមក្រំ ជូនចំពោះប្រជាជាតិ​វៀតណាម ជុំវិញមរណៈភាព​នៃអតីត​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន់ វ៉ាន់ខៃ (Phan Van Khai) កាលពី​ថ្ងៃសៅរ៍ សប្តាហ៍មុននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ នៃក្រសួង​ការបរទេស​សិង្ហបុរី ដកស្រង់​ដោយ Channel News Asia នារសៀល​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

លោក ផាន់ វ៉ាន់កៃ គឺជាអតីតនាយករដ្ឋ​មន្ត្រីវៀតណាម ដែលបានកាន់​អំណាចរយៈ​ពេល ០៩ឆ្នាំ គិតចាប់តាំង​ពីឆ្នាំ១៩៩៧ ហើយលោកត្រូវ​បានទទួលស្គាល់ថា ជាអ្នកសេដ្ឋកិច្ច​ដ៏ជំនាញ​មួយរូប និងធ្លាប់បាន​សិក្សាក្រេបយក​ចំណេះដឹង នៅអតីត​សហភាពសូវៀត ព្រមទាំងបាន​ជម្រុញឲ្យសេដ្ឋកិច្ច​ប្រទេសអាស៊ាន​មួយនេះ មានសន្ទុះរីកចំរើន​ខ្លាំងជាងគេ នាសម័យកាល​នៃការធ្វើកំណែ​ទម្រង់​សេដ្ឋកិច្ច​ ដោយរដ្ឋាភិបាល​​​របស់លោក​ផ្ទាល់។ លោក ផាន់ បានទទួល​មរណៈភាព កាលពី​​ថ្ងៃសៅរ៍ ទី១៧ ខែមីនា ក្នុងអាយុ ៨៤ឆ្នាំ។

គួរបញ្ជាក់តាម​សារព័ត៌មានខាង​លើនេះថា រដ្ឋាភិបាល​វៀតណាម មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពីមូលហេតុ នៃមរណៈភាព​របស់​អតីតនាយករដ្ឋ​មន្ត្រី​រូបនេះ​ឡើយ ប៉ុន្តែធ្លាប់មាន​ព័ត៌មានចេញ​ផ្សាយថា សុខភាព​របស់លោក បានប្រែជាយ៉ាប់យ៉ឺន​អស់​ប៉ុន្មានសប្តាហ៍​មកហើយ។ នៅក្នុងសារ​រំលែកទុក្ខ​នោះ លោក លី សៀនឡុង បានរំលឹក​ពីស្នាដៃ​សំខាន់ៗរបស់អតីត​នាយករដ្ឋមន្ត្រី​វៀតណាម ផាន់ វ៉ាន់ខៃ ជាពិសេស គឺការ​ធ្វើឲ្យទំនាក់​ទំនង​វៀតណាម-សិង្ហបុរី បានរីក​ធំធាត់៕