(ហ្វាំងឡង់)៖ តំណាងជាន់ខ្ពស់​មកពីរដ្ឋាភិបាល​​កូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានមកជួបប្រជុំគ្នា​នៅទីក្រុង​ហ៊ែលស៊ីងគី នៃប្រទេស​ហ្វាំងឡង់ នាថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា​ជំហានដំបូង មុខនឹងឈានដល់​កិច្ចប្រជុំជាន់ខ្ពស់​ជាប្រវត្តិសាស្ត្រ រវាងប្រមុខ​រដ្ឋាភិបាល នៃប្រទេស​ទាំងបី។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

មន្ត្រីតំណាង​ទាំងបីភាគី បានជួបទទួល​ទានអាហារពេលល្ងាចរួមគ្នា កាលពីល្ងាច​ថ្ងៃចន្ទ ម៉ោងនៅប្រទេស​ហ្វាំងឡង់ ហើយសម្រាប់​ថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះគឺពេល​ដែលត្រូវពិភាក្សាផ្លូវការ អំពីបញ្ហា​ទូទៅតែម្តង។ នេះបើតាមការដក​ស្រង់ការផ្សាយ ចេញពីសារព័ត៌មាន​ហ្វាំងឡង់។

សារព័ត៌មានហ្វាំងឡង់​បានបញ្ជាក់​ទៀតថា សម្រាប់មន្ត្រី​កូរ៉េខាងជើង ដែលបានមកដល់​ទីក្រុង​ហ៊ែលស៊ីងគី ពេលនេះ​គឺ លោក ចូ កាងអ៊ីល (Choe Kang Il) មន្ត្រីក្រសួង​ការបរទេស​កូរ៉េខាងជើង ទទួលបន្ទុកកិច្ចការ​ទំនាក់ទំនងជា​មួយ​សហរដ្ឋអាមេរិក។ ដោយឡែក​ខាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺមានអតីតឯកអគ្គរដ្ឋទូត​អាមេរិក នៅកូរ៉េខាងត្បូង និងមន្ត្រីជំនាញការ​ទូត ហើយសរុបប្រទេស​ទាំងបីតែ​ម្តង​គឺ ០៦រូប ខណៈការទទួល​ទានអាហារ​ពេលល្ងាច មានភ្ញៀវ​កិត្តិយស រួមទាំងម្ចាស់​ផ្ទះសរុប ១៨រូប។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទដើម​សប្តាហ៍នេះ លោក​ប្រធានាធិបតី​ហ្វាំងឡង់ សូលី នីអ៊ីនីស្តូ (Sauli Niinisto) បាន​និយាយថា តួនាទីរបស់​ហ្វាំងឡង់ នៅក្នុងកិច្ច​ពិភាក្សានេះ គឺ «ស្តួចស្តើង» ប៉ុន្តែប្រទេស​របស់លោក សន្យាជួយសម្រួលបន្ថែម សម្រាប់កិច្ចប្រជុំ​នាពេលខាង​មុខ។ សម្រាប់លទ្ធផល​បឋមនៃកិច្ចប្រជុំ នឹងត្រូវបញ្ជាក់​នៅថ្ងៃពុធ​ស្អែកនេះ៕