(​ប៉េកាំង)៖​ នាយរដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) បានធ្វើការកត់​សម្គាល់ថា បើសង្រ្គាមពាណិជ្ជកម្ម​ផ្ទុះឡើងពិត​មែន នោះរវាង​សហរដ្ឋអាមេរិក និងចិន មិនមានអ្នកណា​មួយឈ្នះក្នុង​សង្រ្គាមនេះទេ ហើយលោក​សង្ឃឹមថា ប្រទេសទាំងពីរ​អាចរក្សា​ភាពស្ងប់ស្ងាត់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់អ្នក​សារព័ត៌មាន ក្រោយការបិទសម័យ​ប្រជុំសភាប្រជាជន​ចិន លោក លី ខឺជាំង បានលើក​ឡើងយ៉ាង​ដូច្នេះថា «ស្ថេរភាព​នៃទំនាក់ទំនង​រវាងចិន និងសហរដ្ឋអាមេរិក នឹងផ្ដល់​មានភាពល្អប្រសើរ​សម្រាប់​ពិភពលោក»។ លោក លី បន្ថែមថា ចិនមិនចង់ឃើញវិវាទពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​ឡើយ ហើយទីក្រុងប៉េកំាង​ក៏សង្ឃឹមដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្ធូរបន្ថយ​លើការនាំចេញផលិតផល​បច្ចេកវិទ្យាខ្ពស់ៗ ​មកកាន់​ប្រទេសចិន។

គួររំលឹកថា ​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃ​ទី០៨ ខែមីនា បានប្រើប្រាស់​អំណាច​ប្រតិបត្តិ​​របស់លោក​ ដោយចុះហត្ថលេខា​​លើបទបញ្ជាថ្មី​មួយ ស្ដីពីការតម្លើងពន្ធ​​លើការនាំចូល​ដែក​ថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយ​មកកាន់​​សហរដ្ឋអាមេរិក បើទោះជាមាន​ការជំទាស់ពីប្រទេស​ជាច្រើន ជា​ពិសេសគឺចិន​ក៏ដោយ៕