​(ប៊ែរឡាំង)៖ ការសិក្សាស្រាវជ្រាវ​មួយរបស់​ សាកលវិទ្យាល័យ ខែមធិន (Kempten University) ក្នុងប្រទេស​អាល្លឺម៉ង់​បានឱ្យដឹងថា ការធ្វើដំណើរ​តាមរថយន្ដ ដែល​ប្រើប្រាស់បច្ចេកវិទ្យា​បើកបរដោយខ្លួនឯង បានធ្វើឱ្យអ្នក​ដំណើរមានភាព​តានតឹង ឬស្ត្រេស ជាជាងការធ្វើ​ដំណើរតាម​រថយន្ដ​ធម្មតា មានមនុស្សបើកបរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

យោងតាម Kempten University ការសិក្សា​ខាងលើ ធ្វើឡើងតាមរយៈ​ការសាកសួរ​លើមនុស្ស ៥០នាក់ មានអាយុ​ចន្លោះពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ដែលត្រូវបាន​គេតាមដាន​សកម្មភាព នៅពេលពួកគេ​បើកបររថយន្ដ​ បំពាក់បច្ចេកវិទ្យា​បញ្ជាចង្កូតដោយ​ខ្លួនឯង។

ជាងនេះ​ទៅទៀត ការសិក្សា​ដដែល ក៏បានបញ្ជាក់​ដែរថា ភាពតានតឹង ឬស្រ្ដេស បានកើត​ឡើង ក្រោយពីប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិដំណើរការ។ ពោលគឺ​គ្រាន់តែ ប្រព័ន្ធនេះ​ដំណើរការ អ្នកបើកបរគឺមានអារម្មណ៍ថា មិនស្រួលដោយ​មិនអាច បញ្ជាឱ្យវាមាន​ល្បឿនលឿន និងជួនកាល​ក៏ជួបបញ្ហាបច្ចេកទេស​មួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធបញ្ជាដោយ ស្វ័យប្រវតិ្តមិន​អាចធានាសុវត្ថិភាព​ដល់អ្នកដំណើរ ១០០% នោះឡើយ។

គួរបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍​បច្ចេកវិទ្យា​ បញ្ជារថយន្ដបើកបរដោយ​ខ្លួនឯង អាល្លឺម៉ង់ត្រូវបាន​គេរំពឹងថា នឹងចំណាយប្រាក់ ១៨.៤៧​លានដុល្លារ ក្នុងការសាងសង់​មជ្ឈមណ្ឌល​រថយន្ដមួយ ដែលគ្រោងនឹងបើក​នៅក្នុងទីក្រុង Bavaria នៅឆ្នាំ២០១៩៕