(ម៉ូស្គូ)៖ បន្ទាប់ពីជាប់ឆ្នោត​បន្តធ្វើជាមេដឹកនាំ​ប្រទេស​ សម្រាប់រយៈពេល ០៦ឆ្នាំទៀត ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​ប្រកាស​ថា​ រូបលោកកំពុង​រៀបចំគំរោងកាត់បន្ថយការចំណាយ​ លើវិស័យយោធា​សម្រាប់​ឆ្នាំ២០១៨នេះ និងឆ្នាំ២០១៩​ខាងមុខ ខណៈដែលប្រទេស​របស់​លោកនឹងងាក​ទៅផ្តោត​សំខាន់ លើការដោះស្រាយបញ្ហា​ក្នុងប្រទេសជាតិ​ជាចម្បង​វិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។

ថ្លែងក្នុងជំនួប​ពិភាក្សានៅឯវិមាន​ក្រឹមឡាំង ជាមួយបណ្តា​បេក្ខភាព​នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពី​ថ្ងៃទី១៨ ខែមីនា លោក ពូទីន បានលើក​ឡើងថា គម្រោងកាត់​បន្ថយនេះ នឹងមិនប៉ះពាល់ដល់​សមត្ថភាពការពារ​ប្រទេសរបស់​រុស្ស៊ីឡើយ ដោយសារតែរដ្ឋាភិបាល​​ទីក្រុងម៉ូស្គូ បានធ្វើការវិនិយោគ​គ្រប់គ្រាន់​រួចស្រេច​ទៅហើយ ក្នុងការអភិវឌ្ឍ​​ប្រព័ន្ធ​សព្វាវុធថ្មីៗ កាលពីឆ្នាំមុនៗ។

លោកប្រធានាធិបតី​រុស្ស៊ីជើងចាស់រូបនេះ បានបន្តដូច្នេះថា «យើងនឹងធ្វើអ្វីៗ​គ្រប់យ៉ាង ដើម្បីធានាឲ្យ​បានថា រាល់បញ្ហាជម្លោះជា​មួយដៃ​គូ​​របស់យើង នឹងអាចត្រូវដោះស្រាយ​បានតាមមធ្យោបាយ​ការទូត និងនយោបាយ ហើយយើងនឹង​មិនចូលរួមក្នុង​ការប្រកួតប្រជែង​​ ផ្នែក​សព្វា​វុធ​នោះឡើយ»។ លោក ពូទីន បានបញ្ជាក់ថា រដ្ឋាភិបាល​របស់លោក នឹងផ្តោតទៅលើបញ្ហា​ក្នុងប្រទេសនា​ពេលអនាគត រួមមាន​កំណើន​​សេដ្ឋ​កិច្ច, នាវានុវត្តន៍(ការបង្កើតថ្មី), វិស័យ​សុខាភិបាល, ការអប់រំ, វិស័យ​វិទ្យាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធ, និងសុខុមាលភាព​​របស់​ប្រជា​ជន​រុស្ស៊ី។

គួរជម្រាបថា បើតាមទិន្នន័យ​នៃគណៈកម្មការរៀបចំ​ការបោះឆ្នោតរុស្ស៊ី លោក ពូទីន បានឈ្នះឆ្នោត​សម្រាប់អាណត្តិទីបួន​របស់លោក កាល​ពីថ្ងៃអាទិត្យកន្លងទៅ ជាមួយសំឡេង​ឆ្នោតច្រើនជាង ៧៦ភាគរយ ហើយលោក​នឹងបន្តដឹកនាំប្រទេស​រុស្ស៊ីរហូតដល់​ឆ្នាំ២០២៤៕