(ប៉េកាំង)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះ​បានផ្ញើសារ​អបអរសាទរ​ទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ដែលបាន ជាប់ឆ្នោតជា​ប្រធានាធិបតីរុស្ស៊ី​អាណត្តិទី ៤ កាលពី​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

យោងតាមលទ្ធផល​បោះឆ្នោតបណ្ដោះ​អាសន្ន ចេញផ្សាយដោយ​គណៈកម្មាធិការជាតិ​ រៀបចំការបោះឆ្នោតរុស្ស៊ី លោក ពូទីន ទទួលបានសំឡេង​គាំទ្ររហូតដល់ ៧៦.៦ភាគរយ។ ប៉ុន្តែក្រុមប្រឆាំង និងអង្គការ​សង្គមស៊ីវិលជា​ច្រើន បានចោទប្រកាន់ថា ការបោះ​ឆ្នោតកាលពីថ្ងៃអាទិត្យ មិនមាន​តម្លាភាព​ និងមាន​ការក្លែងបន្លំ ខណៈមេដឹកនាំ​បក្សប្រឆាំង​លោក Alexei Navalny ត្រូវបាន​ហាមឃាត់​មិនឱ្យចូលរួមក្នុងការ​បោះឆ្នោត។

យ៉ាងណាក៏ដោយ ក្រោយទទួលបាន​សារអបអរសាទរ​ពីលោក ពូទីន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបាន​សភាចិនបោះឆ្នោត​គាំទ្រ ឱ្យបន្តកាន់តំណែង​ជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានផ្ញើសារអបអរសាទរ​ទៅកាន់​លោក ពូទីន វិញផងដែរ។ លោកស៊ី ថែមទាំង​​បញ្ជាក់ពីភាពរីកចំរើន នៃទំនាក់ទំនងរវាងប្រទេស​ទាំងពីរ នារយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ ហើយថា ទីក្រុងម៉ូស្គូ និងទីក្រុង​ប៉េកាំង គួរតែបន្តស្ទុះ​រីកចំរើនដូច​បច្ចុប្បន្ន៕