(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់​កងកម្លាំងប៉ូលិស​ចំនួន ០២នាក់ បានបាត់បង់ជីវិត​នៅក្នុងករណីបំផ្ទុះ​គ្រាប់បែកអត្តឃាត​លើរថយន្ត ដែលស្ថិតនៅខេត្ត ហ៊ែលម៉ាន់ដ៍ (Helmand) ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

គ្រាប់បែកត្រូវបាន​ប៉ូលិសអះអាងថា បានដាក់បង្កៃ និងបំផ្ទុះនៅ​លើរថយន្តមួយគ្រឿង ដែលចតនៅ​ក្បែរប៉ុស្តិ៍ត្រួតពិនិត្យ​តាមព្រំដែន ក្នុងខេត្ត Helmand ហើយក្រៅពី​ប៉ូលិស​ដែល​បានស្លាប់នោះ មន្ត្រីប៉ូលិសចំនួន ០២រូប ទៀតក៏បានទទួល​រងរបួស​ផងដែរ។

គួរបញ្ជាក់ថា មិនទាន់មាន​ក្រុមណាមួយ​ចេញមុខ​អះអាងថា ជាអ្នកស្ថិត​នៅពីក្រោយ​ទង្វើបំផ្ទុះគ្រាប់បែក​អត្តឃាតនេះ​ឡើយ ប៉ុន្តែជារឿយៗករណី​កើតឡើងនេះ តែងតែត្រូវ​បានបង្កឡើង​ ដោយក្រុម​សកម្មប្រយុទ្ធ​តាលីបង់ និង ISIS៕