(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដាក់សំណើ​ឲ្យបង្កើត​កងទ័ពអវកាស ជាផ្នែកកងកម្លាំងថ្មី​នៅក្នុងវិស័យ​យោ​​ធា ​​​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

ថ្លែងក្នុងការ​ធ្វើសុន្ទរកថា​មួយ នៅចំពោះមុខ​មន្រ្តីយោធា នៅឯមូលដ្ឋានទ័ព​អាកាស​នៃកងម៉ារីន Miramar ក្នុងទីក្រុង​សាន់ដេអេហ្គោ (San Diego) នៃរដ្ឋកាលីហ្វរញ៉ា លោក ដូណាល់ ត្រាំ បាននិយាយថា យុទ្ធសាស្រ្ត​ការពារជាតិថ្មី​របស់លោក មើលឃើញ​ក៏ដូចជាទទួលស្គាល់ថា ​ទីអវកាស​គឺទីកន្លែងដែលអាច​កើតមាន​សង្រ្គាមបាន មុនខុសអ្វី​ពីដីគោក ផ្ទៃអាកាស និងដែន​សមុទ្រឡើយ។

គួរជម្រាប ការថ្លែងសុន្ទរកថា​​របស់លោក ត្រាំ ធ្វើឡើង ក្នុងឱកាស​រូបលោក បានចុះត្រួតពិនិត្យ​​មើលគំរូនៃជញ្ជាំង​​ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលលោកបាន​សន្យាជាយូរ​ណាស់​មកហើយ។ ចំពោះកងកម្លាំងអវកាសនេះ អាចមិន​មែនជា​ការបញ្ជូនទ័ព ទៅលើមេឃ និងបង្កើត​មូលដ្ឋានទ័ព (ស្ថានីយទ័ពអវកាស) នៅទីនោះឡើយ ប៉ុន្តែវាជាការ​បង្កើតក្រុម​ឃ្លាំមើល ដែលមានទាំង​ឧបករណ៍អង្កេត​ពីលើ​ទីអវកាស ចំពោះទីតាំង​យុទ្ធសាស្ត្រសំខាន់ៗ​លើភពផែនដី ដែល​សហរដ្ឋអាមេរិក​ឈរជើង៕